ចាប់ខ្លួន​ជនបរទេស​៤​នាក់ ដកហូត​គ្រឿងញៀន​ជិត ៣​តោន មានតម្លៃ​១០​លាន​ដុល្លារ

​ភ្នំពេញ​៖ កាលពី​រសៀល​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០ ម្សិលមិញ កម្លាំង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​៤​នាក់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់ ពាក់ព័ន្ធ​គ្រឿងញៀន​ទម្ងន់ ២ ១០៦​គីឡូក្រាម ២១៥,៨៩​ក្រាម និង​សារ​ធាតុគីមី​ផ្សំ ៦០០​គីឡូក្រាម​។​

​គួ​រំលឹកថា កិច្ចប្រតិបត្តិការ​បង្ក្រាប​ករណី​ដឹកជញ្ជូន ជួញដូរ​ឆ្លងដែន និង​រក្សាទុក​កែច្នៃ​គ្រឿងញៀន​ខុសច្បាប់​ខាងលើ ធ្វើឡើង​កាលពី​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០២០ កន្លងទៅ ដែល​នាំ​ចេញពី​ប្រទេស​ឡាវ ឆ្លងកាត់​ប្រទេស​កម្ពុជា ទៅ​ប្រទេស​ចិន (​តៃវ៉ាន់​) បង្ក្រាប​គោលដៅ​ចំនួន ៧​ផ្សេងៗ​គ្នា ជា​បន្តបន្ទាប់ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ ៣​គោលដៅ និង​នៅ​រាជធានី​ភ្នំពេញ ៤​គោលដៅ​។​

​ជនសង្ស័យ​ទាំង ៤​នាក់​នោះ ភេទ​ប្រុស ជនជាតិ​ចិនតៃវ៉ាន់ គឺ​១.​ឈ្មោះ ចិន ជឺ​ជា (CHEN CHIH CHIEH) ហៅ JACKY កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​តៃវ៉ាន់​លេខ 05196333 (​អ្នកបញ្ជា​ការដឹកជញ្ជូន​), ២.​ឈ្មោះ ចាង ឈិ​ជឺ (Zhan Qi Zhi) កាន់​លិខិតឆ្លងដែន​លេខ 313641977 (​អ្នក​ដឹកជញ្ជូន​), ៣.​ឈ្មោះ យ៉ូ​វ យ៉ាវ​ជុង (YU Yao Tsung) កាន់​លិខិតឆ្លងដែន​លេខ 352875960 (​អ្នក​ដឹកជញ្ជូន​) និង​៤.​ឈ្មោះ ឈិន ប៉ាវ​ជីន (Chen Pao Jiun) លិខិតឆ្លងដែន​គ្មាន (​អ្នក​ដឹកជញ្ជូន​)​។​

​ដោយឡែក​ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ វូ ឈី​សុន (WU Chi Hsun) ភេទ​ប្រុស ជនជាតិ​ចិនតៃវ៉ាន់ កាន់​លិខិតឆ្លងដែន​លេខ 303650596 បាន​កាន់​គ្រឿងញៀន លួច​សំរូត​តាម​បង្កាន់ដៃ​អាគារ ហើយ​ធ្លាក់​បណ្ដាល​អោយស្លាប់​។​

​ប្រតិបត្តិការ​ខាងលើ សមត្ថកិច្ច​ចាប់ដក​ហូត​វត្ថុតាង រួមមាន​៖ គ្រឿងញៀន​ទម្ងន់ ២១០៦​គ​.​ក្រ ២១៥,៨៩​ក្រាម និង​សារ​ធាតុគីមី​ផ្សំ ៦០០​គ​.​ក្រ ដែល​សរុប​ជា​ទឹកប្រាក់ មានតម្លៃ​១០​លាន​ដុល្លារ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close