កម្ពុជា រង​ឥទ្ធិពល​ព្យុះ​ទី​១៧ ដែល​ធ្វើ​ឲ្យ​ភ្លៀង​បន្ដ​ធ្លាក់​ខ្លាំង ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​១៩ ខែតុលា​

​ភ្នំពេញ​៖ បើតាម​ក្រសួង​ធនធានទឹក បន្ទាប់ពី​បានធ្វើ​ការតាមដាន និង​ការវិវត្ត​ជាក់ស្តែង នៃ​ស្ថានភាព​អាកាសធាតុ​ជា​បន្តបន្ទាប់​ឃើញថា នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០​នេះ សម្ពាធ​ទាប​សកម្ម​មួយ កំពុង​ស្ថិតនៅលើ​ភាគ​កណ្តាល​ប្រទេស​ហ្វីលីពីន​។​

​តាម​ការ​ព្យាករ សម្ពាធ​ទាប​សកម្ម​នេះ នឹង​រំកិល​ចូលមកក្នុង​សមុទ្រ​ចិន​ខាងត្បូង ហើយ​វិ​វត្ត​ខ្លួន​ជា​បន្តបន្ទាប់​ទៅជា ព្យុះ​ទី​១៧ ឈ្មោះ សូ​ឌែ​ល (SAUDEL) ដោយ​ធ្វើដំណើរ​ចូលមក​ប៉ែក​ខាងលើ​ភាគខាងត្បូង​នៃ​ប្រទេស​វៀតណាម នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២០ ហើយ​បាន​ថមថយ​ឥទ្ធិពល​ទៅជា​វិ​សម្ពាធ និង​សម្ពាធ​ទាប នៅពេល​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​។​

​ជាមួយគ្នានេះ ប្រព័ន្ធ​សម្ពាធ​ទាប បាននិងកំពុង​បន្ត​អូសបន្លាយ​ពីលើ​កម្ពុជា ហើយ​លក្ខណៈ​បែបនេះ នឹងធ្វើ​ឲ្យ​អាកាសធាតុ នៅ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ មាន​ស្ថានភាព ដូចខាងក្រោម​៖

* ទី​១៖ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប រួមមាន ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល និង​រាជធានី​ភ្នំពេញ នឹង​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន​ជាប់​បន្ត​។​

* ទី​២៖ បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក ខ្ពង់រាប​ភាគ​ឦសាន និង​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម រួមមាន ខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និង​ខេត្តកំពង់ចាម នឹង​អាចមាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ ទៅ​ច្រើន​។​

* ទី​៣៖ តំបន់​មាត់សមុទ្រ អាចមាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន និង​នៅលើ​ផ្ទៃសមុទ្រ នឹង​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន រួមជាមួយ​ខ្យល់​បក់បោក​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ​។​

​ជាមួយគ្នានេះ ក្រសួង​ធនធានទឹក សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ទីប្រជុំជន ទី​ទំនាប​ក្បែរ​ផ្លូវទឹក​ជាប់​តំបន់ភ្នំ និង​ជួរ​ភ្នំ និង​បងប្អូន​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ​ទាំងអស់ សូម​បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាននិងកំពុង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​បាតុភូតធម្មជាតិ​នេះ ហើយនឹង​ជម្រាបជូន​ព័ត៌មាន​ជា​បន្តបន្ទាប់​ទៀត ក្នុងករណី​អាកាសធាតុ​មានការ​ប្រែប្រួល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close