ឯកឧត្តម សាយ សំ​អាល់ ដឹកនាំ​មន្ត្រី​ក្រសួងបរិស្ថាន អញ្ជើញ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​

​ភ្នំពេញ​៖ នៅ​ព្រឹក ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ដឹកនាំ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ក្រោម​ឱវាទ អញ្ជើញ​ចូលរួម​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ គម្រប់​ខួប​៨​ឆ្នាំ នៅ​វិមាន​ព្រះ​បរម​រូប ស្ថិតនៅ​មណ្ឌល​សួនច្បារ​ខាងកើត​វិមានឯករាជ្យ និង​នៅ​ទីស្តីការ​ក្រសួងបរិស្ថាន​។​

​តាងនាម​ឲ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំង​អស់នៃ​ក្រសួងបរិស្ថាន ឯកឧត្តម​រដ្ឋមន្ត្រី សាយ សំ​អាល់ បាន​សម្តែង​នូវ​ព្រះរាជ​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ចំពោះ​ការយាង​ចូល​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ និង​បង្រួបបង្រួម​ជាតិខ្មែរ​។

​សូម​រម្លឹកថា ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ បាន​យាង​សោយ​ទិវង្គត​ដោយ​ព្រះ​ជរាពាធ កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ នៅ​មន្ទីរពេទ្យ នាទី​ក្រុង​ប៉េកាំង ប្រទេស​ចិន​។ ព្រះ​បរមសព​របស់​ព្រះអង្គ ត្រូវបាន​ដង្ហែ​មកដល់​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១២ និង​បាន​តម្កល់​រយៈពេល​៩០​ថ្ងៃ នៅក្នុង​ព្រះបរមរាជវាំង ដើម្បី​ឲ្យ​ព្រះរាជវង្សានុវង្ស មន្ត្រីរាជការ ប្រជារាស្ត្រ អង្គទូត ព្រមទាំង​មេដឹកនាំ​បណ្តា​ប្រទេស​ជា​មិត្ត ចូល​សម្តែង​ព្រះរាជ​មរណទុក្ខ និង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​៕​ 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close