ផ្អាកចរាចរណ៍រថយន្តធុនធំគ្រប់ប្រភេទ ឆ្លងកាត់លើកំណាត់ផ្លូវជាតិលេខ៤, ៤១ និងកំណាត់ផ្លូវខេត្តលេខ១៤១ ជាបណ្ដោះអាសន្ន
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានជូនដំណឹងស្តីពីការផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ បើកឆ្លងកាត់លើកំណាត់ផ្លូវជាតិលេខ៤, ៤១ និងកំណាត់ផ្លូវខេត្តលេខ១៤១ ជាបណ្ដោះអាសន្ន។
ក្រសួង បញ្ជាក់ ដោយសារស្ថានភាពគ្រោះទឹកជំនន់ទឹកភ្លៀង បានជនលិចយ៉ាងខ្លាំង បណ្តាលឲ្យកំណាត់ផ្លូវមួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ រងការខូចខាត ក្នុងស្ថានភាពបែបនេះធ្វើឲ្យ ផ្លូវ ស្ពាន មិនអាចទ្រាំទ្រនឹងទម្ងន់រថយន្តដឹកទំនិញធុនធំទេ។
អាស្រ័យហេតុនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ សូមធ្វើការផ្អាកបិទចរាចរណ៍ផ្លូវជាតិលេខ៤, ៤១ និងកំណាត់ផ្លូវខេត្តលេខ១៤១ (ចាប់ពីផ្សារព្រៃផ្ដៅ ដល់ផ្លូវខេត្តលេខ១៣០) ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានសេចក្តីជូនដំណឹងជាថ្មី ដើម្បីថែរក្សា ផ្លូវ ថ្នល់ កុំឲ្យបាក់ស្រុត និងធានាការធ្វើចរាចរណ៍ប្រកបដោយសុវត្តិភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។