សម្តេចតេជោ អញ្ជើញពិនិត្យមើលស្ថានភាពទឹកជំនន់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ
ភ្នំពេញ៖ កាលពីរាត្រីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិនិត្យមើលស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅខណ្ឌដង្កោរ រាជធានីភ្នំពេញ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានអញ្ជើញចុះជួបជាមួយនឹងបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ និងត្រូវបានអាជ្ញាធរបញ្ជូលមកកាន់ទីតាំងសុវត្តិភាពចំនួន២ទីតាំង ដែលទីតាំងទី១នៅក្នុងបុរីភពថ្មីកួរស្រូវ២ និងទីតាំងទី២គឺនៅមុខផ្សារព្រែកជ្រៃ ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់គ្រប់រាជធានី-ខេត្ត កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានចេញប្រតិបត្តិការព្រមៗគ្នា សង្គ្រោះប្រជាជនទៅកាន់ទីទួលមានសុវត្ថិភាព ដែលសម្តេចបានប្រើពាក្យថា «កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទាំងកងទ័ពស្រួច ទាំងកងទ័ពតំបន់ ក៏ដូចជាកងរាជអាវុធហត្ថ កងកម្លាំងនគរបាលបានធ្វើកិច្ចការបានល្អ និងគ្រប់ទីកន្លែងដើម្បីសង្គ្រោះប្រជាពលរដ្ឋរបស់យើង»។ សម្តេចក៏បានកោតសរសើរផងដែរ ចំពោះប្រជាពលរដ្ឋខ្មែរ ដែលបានប្រឹងប្រែងដោយខ្លួនឯង រួមទាំងការជួយរបស់អាជ្ញាធរ ដោយរាជរដ្ឋាភិបាល ដោយកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។
សម្តេចតេជោ ហ៊ុន សែន បានបន្តសំណូមពរ និងអំពាវនាវ៣ចំណុច ឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទយកចិត្តទុកដាក់ដូចតទៅ៖
ទី១) គឺជម្លៀសប្រជាជននៅតំបន់ដែលមានគ្រោះថ្នាក់ទៅកាន់ទីទួលសុវត្ថិភាព ដោយមានការប្រុងប្រៀបជាមុន ត្រូវពិនិត្យមើលទីកន្លែងជាមុន ដើម្បីឆ្លើយតបនៅពេលដែលដឹកជញ្ជូនទៅកាន់ទីនោះ
ទី២) បន្ទាប់ពីទឹកស្រក សូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជួយសម្រួលដល់ការដឹកជញ្ជូនប្រជាជនទៅកាន់មូលដ្ឋានដើមវិញ
ទី៣) ត្រូវផ្គត់ផ្គង់ស្បៀងដល់ប្រជាពលរដ្ឋដែលរងគ្រោះ ក៏ដូចជាខិតខំព្យាបាលជំងឺប្រសិនបើមានជំងឺកើតឡើង។
សម្តេចក៏អំពាវនាវចំពោះប្រជាជនត្រូវការពារនៅជំងឺខ្លួនឯង តាមរយៈការអនាម័យ កុំទទួលទានទឹកមិនស្អាតដែលនាំទៅដល់ជំងឺរាគរួសក្អួតនាំមកនូវការលំបាកបន្ថែមទៀត។ សម្ដេចស្នើឲ្យមានគ្រូពេទ្យប្រចាំការនៅតំបន់ ដែលប្រជាពលរដ្ឋត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាពផងដែរ។
សម្ដេចបានថ្លែងអំណរគុណដល់ សប្បុរសជននានា ដែលបានចូលរួមថវិកាក្នុងការសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ដែលរហូតមកដល់ពេលនេះ មានប្រមាណជាង ៦លានដុល្លារសហរដ្ឋអាមេរិកហើយ ដែលថវិកានេះរាជរដ្ឋាភិបាលមិនបានអំពាវនាវទេ ប៉ុន្តែសប្បុរសជនបានស្ម័គ្រចិត្តចូលរួមដោយខ្លួនឯង។ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ទៀតថា ការចុះពិនិត្យស្ថានភាពរបស់ប្រជាពលរដ្ឋនេះទៀតសោត ក៏ព្រោះចង់ឃើញស្ថានភាពជាក់ស្ដែង មិនចង់ត្រឹមស្ដាប់ និងមើលរបាយការណ៍របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលរាយការណ៍ជាបន្ដបន្ទាប់គ្រប់ពេលនោះទេ។
សម្ដេចតេជោ ហ៊ុន សែន បានណែនាំទៀតថា បន្ទាប់ពីជម្លៀសប្រជាជនមកកាន់កន្លែងមានសុវត្ថិភាពហើយ ត្រូវផ្ដល់នូវការថែទាំសុខភាព ផ្ដល់អាហារ ថ្នាំពេទ្យគ្រប់ពេលទាំងអស់ មិនឲ្យខ្វះខាតនោះឡើយ។ នៅក្នុងការពិនិត្យមើលស្ថានភាពទឹកជំនន់នេះ សម្ដេចតេជោបានផ្ដល់នូវចំណុចអនុសាសន៍សំខាន់ចំនួន០៣សម្រាប់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរផងដែរ ៖
ទី១) ក្នុងដំណាក់កាលនៃវិបត្តិកូវីដ១៩ ត្រូវតែរួមគ្នាទប់ស្កាត់បង្ការការចម្លងជំងឺកូវីដ១៩
ទី២) រួមគ្នាទប់ទល់ដោះស្រាយនូវគ្រោះទឹកជំនន់ដែលកំពុងកើតមានឡើងនៅពេលបច្ចុប្បន្ននេះ
ទី៣) រួមគ្នាដោះស្រាយក៏ដូចជាស្ដារឡើងវិញក្រោយពេលកូវីដត្រូវបានបញ្ចប់ និងទឹកជំនន់ស្រកទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។