អាជ្ញាធរ​ខេត្តសៀមរាប ចុះ​ណែនាំ​ឲ្យ​ពលរដ្ឋ​រុះរើ​សំណង់​សាងសង់​លើដី​ចំណីផ្លូវ ក្នុង​សង្កាត់​ជ្រាវ និង​សង្កាត់​សាលា​កំរើក​

​ខេត្តសៀមរាប​៖ កាលពី​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ លោក ង៉ាន់ ភិ​រុណ អភិបាលរង​ខេត្ត បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ និង​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​សាងសង់​លើ​ចំណីផ្លូវ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​បុរី សៀង ណាំ និង​តាម​បណ្ដា​យ​ផ្លូវ​ពី​សណ្ឋាគារ​អង្គរ​អេ​រ៉ា ទៅ​សាលាបឋមសិក្សា​ខ្នារ ក្នុង​សង្កាត់​ជ្រាវ និង​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ដែលជា​ផ្លូវ​មួយ​ក្នុងចំណោម​ផ្លូវ​ដែល​ត្រូវ​សាងសង់ ចំនួន ៣៨​ខ្សែ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​បានប្រគល់​ជូន​ខេត្តសៀមរាប ដើម្បី​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​ឱ្យ​កាន់​តែមាន​ភាពប្រសើរឡើង​វិញ​។​

​ក្នុងឱកាស​នេះដែរ លោក​អភិបាលរង​ខេត្ត និង​ក្រុមការងារ​ទី​៦ ក៏បានផ្ដល់​អនុ​សាស្ដ្រ មតិ​ល្អៗ​មួយចំនួន ណែនាំ ព្រមទាំង​ថ្លែងអំណរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាមផ្លូវ​ដែល​រាជរដ្ឋាភិបាល​បានគ្រោង​នឹង​សាងសង់​នេះ ដោយមាន​ការចូលរួម​សហការ​ជាមួយ​ក្រុមការងារ​យ៉ាង​សស្រាក់សស្រាំ និង​សប្បាយរីករាយ​ក្រែ​លែង​ក្នុងការ​រុះរើ​សំណង់​របស់ខ្លួន ព្រមទាំង​សម្ភារ​ផ្សេងៗ​ទៀត​តាម​ការវាស់វែង​របស់​ក្រុមការងារ​។​

​ក្នុងនាម​ក្រុមការងារ និង​រដ្ឋបាល​ខេត្តសៀមរាប សូម​ស្នើ​ដល់​បងប្អូន​បន្ត​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ដើម្បីឱ្យ​ការអនុវត្ត​គម្រោង​នេះ​ប្រព្រឹត្ត​ទៅតាម​ផែនការ ដែល​បាន​គ្រោងទុក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close