វៀតណាម រំពឹងថា ការនាំចេញក្នុងឆ្នាំ២០២០នេះ នឹងកើន៤ភាគរយ ទោះជួបវិបត្តិកូវីដ១៩
ការនាំចេញរបស់ប្រទេសវៀតណាមក្នុងឆ្នាំ២០២០នេះត្រូវបានប៉ាន់ស្មានថា នឹងមានកំណើនចន្លោះពី៣ទៅ៤ភាគរយ ទោះបីជាមានបញ្ហាជំងឺរាតត្បាតកូវីដ១៩ក៏ដោយ នេះបើតាមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ចេញផ្សាយដោយសារព័ត៌មាន Vietnamnews នាព្រឹកថ្ងៃទី២០ តុលានេះ។
ក្រសួងថា ៩ខែដំបូង នៃឆ្នាំ២០២០នេះ សកម្មភាពនាំចេញរបស់វៀតណាមនៅតែរក្សាកំណើនវិជ្ជមាន ខណៈដែលសេដ្ឋកិច្ចក្នុងប្រទេសជាច្រើនលើពិភពលោកនិងក្នុងតំបន់ត្រូវបានមើលឃើញពីភាពអវិជ្ជមាន ដូច្នេះការនេះបង្ហាញថា សកម្មភាពផលិតក្នុងប្រទេសវៀតណាមបានងើបឡើងវិញបានច្រើន ក្រោយរងការវាយប្រហារពីបញ្ហាកូវីដ១៩។
ស្ថិតិរបស់ក្រសួងបង្ហាញថា ទំហំនាំចេញទំនិញរបស់វៀតណាមចាប់ពីខែមករាដល់កញ្ញា កើនឡើង៤.១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩ រីឯតម្លៃនាំចេញក្នុងត្រីមាសទី៣ ឆ្នាំ២០២០បានឈានដល់៨០ពាន់លានដុល្លារអាមេរិក កើនឡើង១១ភាគរយ បើធៀបនឹងត្រីមាសទី៣ឆ្នាំ២០១៩ ហើយកើនឡើង៣៤ភាគរយ បើធៀបនឹងត្រីមាសទី២ឆ្នាំ២០២០៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។