រដ្ឋបាល​ក្រុង​ប៉ោយប៉ែត ផ្អាក​ចរាចរណ៍​នូវ​រថយន្ត​ធំ​គ្រប់​ប្រភេទ ឆ្លងកាត់​លើផ្លូវ​ជាតិ​លេខ​៥

​ខេត្តបន្ទាយមានជ័យ​៖ រដ្ឋបាលខេត្ត​ក្រុង​ប៉ោយប៉ែត បាន​ជូនដំណឹង​ដោយ​ផ្អាក​ការធ្វើ​ចរាចរណ៍​នូវ​រថយន្ត​ដឹកទំនិញ​ធុន​ធំ​គ្រប់​ប្រភេទ ឆ្លងកាត់​លើផ្លូវ​ជាតិ​លេខ​៥ ត្រង់ចំណុច​អាស្រម​លោកយាយ​ម៉ៅ រហូតដល់​ផ្លូវបំបែក​កូនដំរី​ទៅ​ស្រុក​ម៉ាឡៃ និង​ផ្លូវលំ​នានា ក្នុងភូមិ​សាស្ត្រ​ទីប្រជុំជន​ក្រុង​ប៉ោយប៉ែត ចាប់ពី​ថ្ងៃទី​២០ តុលា​នេះ តទៅ​។​

​រដ្ឋបាល​ក្រុង បញ្ជាក់ទៀតថា ដោយ​រង​ឥទ្ធិពល​ជំនន់​ទឹកភ្លៀង​ពី​ប្រទេស​ថៃ បានធ្វើ​ឲ្យ​កំរិត​ទឹក​កើន​ឡើងជា​គំហុក បណ្តាល​ឲ្យ​លិច​លំនៅឋាន​ប្រជាពលរដ្ឋ​ក្នុងភូមិ​មួយចំនួន ដែល​នៅជាប់​តាម​បណ្តោយ​អូរ​ព្រំដែន​កម្ពុជា​-​ថៃ រួច​ច្រាល​មក​លិច​កំណាត់​ផ្លូវជាតិ​លេខ​៥ និង​ទីប្រជុំជន​ក្នុង​ក្រុង​ប៉ោយប៉ែត​ផងដែរ​។​

​ដើម្បី​ការពារ​សុ​វត្តិភាព និង​ជៀសវាង​ការខូចខាត​ធ្ងន់ធ្ងរ រដ្ឋបាល​ក្រុង សូម​ធ្វើការ​ផ្អាក​ចរាចរណ៍​ជា​បណ្តោះអាសន្ន​នូវ​រថយន្ត​ដឹកទំនិញ​ធុន​ធំ​គ្រប់​ប្រភេទ ដែល​ធ្វើដំណើរ​ឆ្លងកាត់​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​អាស្រម​លោកយាយ​ម៉ៅ រហូតដល់​ផ្លូវបំបែក​កូនដំរី ទៅ​ស្រុក​ម៉ាឡៃ និង​ផ្លូវ​ក្នុង​ទីប្រជុំជន​ក្រុង ចាប់ពី​ពេល​ជូនដំណឹង​នេះ​តទៅ រហូតដល់​ទឹក​ស្រក​ទៅវិញ​អស់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close