ងៀតបបែល និងពពុះសណ្តែក ១២គីឡូក្រាម មានផ្ទុកសារធាតុបូរ៉ាក់ រកឃើញនៅផ្សារវាលយន្ត ខេត្តស្វាយរៀង
ខេត្តស្វាយរៀង៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នេះ មន្ត្រីសាខា ក.ប.ប. ខេត្តស្វាយរៀង ដោយមានការសហការពីមន្ទីរពាណិជ្ជខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ និងធ្វើការត្រួតពិនិត្យផលិតផលម្ហូបអាហារ និងគ្រឿងឧបភោគ បរិភោគ នៅតាមបណ្ដាស្តង់ដាក់តាំងលក់ក្នុងផ្សារវាលយន្ត ទីរួមខេត្តស្វាយរៀង។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារចំនួន ២៦គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ ព្រមទាំងបានផ្សព្វផ្សាយ អនុក្រឹត្យលេខ ១៣៣ ស្តីអំពីផលិតផលចិញ្ចឹមទារក និង កុមារ លើសំបកវិចខ្ចប់ម្សៅទឹកដោះគោផងដែរ។
* ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញមួយចំនួនមានផ្ទុកសារធាតុគីមីហាមឃាត់ បូរ៉ាក់ (Borax) រួមមាន៖
– ងៀតបបែល ចំនួន ៧ គីឡូក្រាម
– ពពុះសណ្តែក ចំនួន ៥ គីឡូក្រាម។
ទន្ទឹមនឹងនោះមន្ត្រីជំនាញ ក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។