តើអ្នកសារព័ត៌មាន មានតួនាទីដូចម្ដេចក្នុងការចូលរួមប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ?.!

ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាននៅក្នុងខេត្តព្រះវិហារភាគច្រើន យល់​ឃើញ​ថា អ្នក​សារព័ត៌មាន មានតួនាទីសំខាន់ណាស់នៅក្នុងសង្គមប្រជាធិបតេយ្យ។ ពួកគេ​ក្រៅ​ពី​​ជា​យាន​សម្រាប់​នាំ​សារ​ហើយ ក្នុង​នោះ​ក៏​ជា​ផ្នែក​មួយ​រួម​ចំណែក​ក្នុង​ការ​កែទម្រង់​ភាព​អសកម្ម ឬ​ការ​ខ្វះ​ចន្លោះ​នៃ​ការ​អនុវត្ត​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ថែម​ទៀត​ផង។ ក៏​ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ក្រុមអ្នកសារព័ត៌មានមួយចំនួនក៏ត្រូវរងការប្រមាថគំរាមកំហែងពីជនពុករលួយ និង​មាន​ពេល​ខ្លះ អ្នក​សារព័ត៌មាន​ត្រូវ​គេ​ចាត់​ទុក​ថា គឺ​ជា​ឆ្អឹង​ទទឹង​ក​ទៅ​វិញ។

បើ​ទោះ​ជា ក្រុម​អ្នក​សារព័ត៌មាន​ដឹង​ថា ខ្លួន​ត្រូវ​ធ្វើ​ការ​​ដោយ​ប្រថុយប្រថាន​ក្នុង​បេសកកម្ម​ដ៏​គ្រោះ​ថ្នាក់​ក៏​ដោយ ដើម្បី​សម្រេច​គោលដៅ​នេះ ពួក​គេ​ចុះយកព័ត៌មានក្នុងខេត្តព្រះវិហារត្រូវជម្នះ និង​ហ៊ាន​លះបង់​ខ្ពស់​ក្នុង​បុព្វហេតុ​រុញ​ច្រាន​ស្ថានការណ៍​ដែល​អួអាប់ ឬ​ថា រឿង​រ៉ាវ​​ដែល​ត្រូវ​បាន​មន្ត្រីខិលខូចគេព្យាយាមបិទបាំងពាក់ព័ន្ធផលប្រយោជន៍សាធារណៈ ឬ​ក្នុង​ហេតុផល​អំពើ​ពុករលួយ​ណា​មួយ។

ក្រុម​អ្នក​ធ្វើ​ការ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​យល់​ឃើញ​ថា អ្នក​សារព័ត៌មានមិនមែនត្រឹមដើរតួនាទីក្នុងនាមជាអ្នក​ប្រមូល​ស្រាវជ្រាវ​រុក​រក ឬ​ថា តាម​ប្រមាញ់​ព័ត៌មាន ដើម្បី​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​អង្គភាព​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​អ្នក​ដែល​ជួយ​កែទម្រង់​ដ៏​ស៊ី​ជម្រៅ​បន្ថែម​ទៀត​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ ភាព​ខ្វះ​ចន្លោះ​ទៅ​លើ​កម្មវិធី​នយោបាយ​នានា​របស់​រាជរដ្ឋាភិបាល។

ជា​ការ​ពិត​ណាស់អ្នក​សារព័ត៌មាន​បាន​ចូលរួម​យ៉ាង​សកម្ម​រួច​ទៅ​ហើយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ភាព​អសកម្ម​នានា​របស់​សង្គម ដោយ​មិន​ផ្ដោត​ចំពោះ​តែ​អំពើ​ពុករលួយ​មួយ​នោះ​ទេ។ លើស​ពី​នេះ អ្នក​សារព័ត៌មានគឺមានសារសំខាន់ខ្លាំងណាស់ក្នុងការជំរុញ​ឲ្យ​អ្នក​តាក់តែង​គោលនយោបាយ​មុន​នឹង​ធ្វើ​សេចក្ដី​សម្រេច​អ្វី​មួយ​ត្រូវ​ប្រុងប្រយ័ត្ន ដើម្បី​ចៀសវាង​ភាព​ខុស​ឆ្គង។

«កន្លមកអ្នកសារព័ត៌មានយើងបានចូលរួមសរសេរពីភាពមិនប្រក្រតី​ច្រើន។ មិន​មែន​តែ​រឿង​ពុករលួយ​ទេ ប៉ុន្តែ​ភាព​មិន​ប្រក្រតី​​ផ្សេងៗ ដែល​កើត​ឡើង​នៅ​ក្នុង​សង្គម​ខ្មែរ​យើង រហូត​អំពើ​ពុករលួយ​ត្រូវ​បាន​កាត់​បន្ថយ»។

តួនាទី និង​ការ​ទទួល​ខុស​ត្រូវ​របស់​អ្នក​​សារព័ត៌មានទាំងពេលមុន និង​ក្នុង​ពេល​បច្ចុប្បន្ន គឺ​មិន​ត្រឹម​ជា​អ្នក​ដែល​ផ្ដល់​ព័ត៌មាន​ប៉ុណ្ណោះ​នោះ​ទេ។ ជាង​នេះ​ទៀត អអ្នកសារព័ត៌មាន មានភារកិច្ចក្នុងការតាមឃ្លាំមើលត្រួត​ពិនិត្យ និង​អ្នក​ជា​សង្កេតការណ៍​ដ៏​មាន​ប្រសិទ្ធភាព។ កាតព្វកិច្ច​ដ៏​ចម្បង​របស់​អ្នក​សារព័ត៌មានមួយទៀត គឺ​ក្រៅ​ពី​ដឹង​រឿង​ដោយ​ខ្លួន​ឯង​ផ្ទាល់​ហើយ ថែម​ទាំង​យក​រឿង​ទាំង​នោះ លាត​ត្រដាង​ជា​សាធារណៈ​ថែម​ទៀត​ផង បើ​ទោះ​ជា​រឿង​ទាំង​នោះ មាន​ប្រយោជន៍​តិច ឬ​ក៏​ច្រើន​សម្រាប់​សង្គម​យ៉ាង​ណា​ក្ដី។

ជាក់ស្ដែងថ្មីៗកន្លងទៅនេះ យើងបានឃើញបានឮក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាព ​និង​ពលរដ្ឋ​រស់នៅភូមិអូពោធិរិះគន់ ​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុងខេត្តព្រះវិហារថា បណ្ដែត​បណ្ដោយ​ឱ្យ​មាន​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ខុស​ច្បាប់​ជា​ច្រើន​កន្លែងនៅតាមដងផ្លូវជាតិលេខ៦២ ចំណុចផ្លូវចូលក្រុមហ៊ុនអានម៉ារ៉ាឌី ស្ថិតក្នុងឧបសម្ព័ន្ធភូមិអូពោធិ ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ ដែល​អ្នកឃើញហេតុការណ៍ទាំងនោះបានចាត់ទុកថា ​ជាប្រភពនៃវិនាសកម្មព្រៃឈើក្នុងដែនជម្រកសត្វព្រៃបឹងពែរ
ក្រោមខ្សែភ្នែកមន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធដែលមានភារកិច្ចនៅទីនោះ។

បន្ទាប់ពីមានការរិះគន់ចំរឿងរសើបរួចមក មានសេចក្ដីរាយការណ៍ថា កាលពីថ្ងៃចន្ទ ៣ កើត ខែកត្តិក ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ មានមន្ត្រីបរិស្ថានម្នាក់ឈ្មោះ មាស ញឹម ដែលគេស្គាល់ថាជាមន្ត្រីសម្បូណ៌រឿងអាស្រូវពូកែខាងឃុបឃិតជាមួយឈ្មួញរកស៊ីឈើខុសច្បាប់នៅតាមដងផ្លូវលេខ ៦២ និងក្នុងដែនជម្រកសត្វព្រៃបឹងពែររកទីបញ្ចប់គ្មាន ហើយប្រើល្បិចកលធ្វើទុកបុកម្នេញដល់អ្នកសារព័ត៌មាន បង្ខំឲ្យអ្នកសារព័ត៌មានដែលមានភារកិច្ចចុះបំពេញបេសកកម្មតាមដងផ្លូវជាតិលេខ៦២ តម្រូវឲ្យអ្នកសារព័ត៌មានយកលិខិតបទដ្ឋានរបស់អង្គភាពទៅឲ្យលោកត្រួតពិនិត្យ ដោយរំលោភទៅលើជំនាញសន្តិសុខភ្លេចគិតពីភារកិច្ចរបស់ខ្លួនជាមន្ត្រីបរិស្ថាន។

ស្ថិត​ក្រោម​ហេតុ​ផល​ទាំង​នេះ​ហើយ ដែល​អ្នកសារព័ត៌មានយើងបានកំណត់ថា មន្ត្រីបរិស្ថានម្នាក់ឈ្មោះមាសញឹមគឺជាមេក្លោងដែលគួរឲ្យភ័យខ្លាច ជា​ពិសេសសំដៅ​ទៅ​លើ​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស អ្នក​រកស៊ី​ខុស​ច្បាប់ ឬជាមន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និង​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត ដែល​មិន​មាន​ភាព​ស្អាតស្អំ​ក្នុង​ហេតុ​ផល​ណា​មួយ ។

សូមរំលឹកថា នៅក្នុងរាជធានី ឬខេត្តណាមួយ ប្រសិន​បើ​បណ្ដាញ​ព័ត៌មាន​ពុំ​បាន​គ្រប​ដណ្ដប់​ទេ នោះ​គឺ​ជា​ឱកាស​មួយ​សម្រាប់​អ្នក​ប្រព្រឹត្ត​បទល្មើស និង​ធ្វើ​អ្វីៗ​តាម​ទំនើងចិត្ត។ ជាង​នេះ​ទៀត រឿង​ដែល​សំខាន់ គឺអ្នកសារព័ត៌មាន ក្រៅ​ពី​មាន​ភារកិច្ច​ក្នុង​នាម​ជា​អ្នក​សង្កេតការណ៍​ហើយដើរតួបន្ថែមនោះ គឺ​ប្រៀប​ដូច​ជា​ទាហាន​ជួរ​មុខ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​រាល់​ភាព​អសកម្ម និង​អំពើ​ពុករលួយ​ទៀត​ផង។

បើ​ទោះ​ជា​ក្រុម​អ្នក​សារព័ត៌មាន​ដឹង​ថា ខ្លួន​ត្រូវ​ធ្វើ​ការ​​ដោយ​ប្រថុយប្រថាន​ក្នុង​បេសកកម្ម​ដ៏​គ្រោះ​ថ្នាក់​ក៏​ដោយ ដើម្បី​សម្រេច​គោលដៅ​នេះ ពួក​គេ​ត្រូវ​ជម្នះ និង​ហ៊ាន​លះបង់​ខ្ពស់​ក្នុង​ស្ថានភាព​មួយ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ក្នុង​ការ​បម្រើ​ឲ្យ​ប្រយោជន៍​សាធារណៈ​ផងដែរ៕(ដោយព្រឹទ្ធាចារ្យ គឹម សារឿន)

User Rating: Be the first one !

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close