គ្រោះទឹកជំនន់​នឹង​បាក់​ដី នៅ​វៀតណាម​ស្លាប់​កើន​ឡើងជា​បន្តបន្ទាប់​

​តំបន់​ភាគ​កណ្តាល​នៃ​ប្រទេស​វៀតណាម​ប្រឈម​និង​សម្ពាធ​ទាប​បណ្តាល​ឲ្យ​មាន ភ្លៀង​ធ្លាក់់​ខ្លាំង និង​ខ្យល់ព្យុះ បណ្តាល​ឲ្យ​មាន​អ្នកស្លាប់ និង​បាត់​ខ្លួន​កើន​ឡើងជា​បន្តបន្ទាប​។ មកទល់ នៅ​ថ្ងៃ​២០​ខែតុលា គ្រោះទឹកជំនន់​, ការ​រអិល​បាក់​ដី និង​គ្រោះធម្មជាតិ​ផ្សេងៗ​ទៀត ដែល​បង្កឡើង​ដោយ​ជំនន់​ទឹកភ្លៀង ដែល​បន្ត​អូសបន្លាយ​ជាច្រើន​ថ្ងៃ​មកហើយ​នោះ បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់ ១០៥​នាក់ ខណៈ ២៧​នាក់​ទៀត កំពុង​បាត់​ខ្លួន​នៅ​តំបន់​ខ្ពង់រាប និង​ភាគ​កណ្តាល​នៃ​ប្រទេស​វៀតណាម​។​

​អាជ្ញាធរ​វៀតណាម​បាន​បញ្ជាក់ថា ក្នុងចំណោម​មនុស្ស​ស្លាប់​ទាំងអស់ ភាគច្រើន​ត្រូវបាន​រាយការណ៍ ចេញពី​បណ្តា​ខេត្ត​ភាគ​កណ្តាល​មានដូចជា ក្វាង​ទ្រី (Quang Tri), ធួ​ធាន​ហឺ (Thua Thien-Hue) និង​ក្វាង​ណា​ម (Quang Nam)​។ ក្នុងចំណោម​ឧប្បត្តិហេតុ​ធំៗ​រួមមាន គ្រោះ​រអិល​បាក់​ដីកា​លពី​ថ្ងៃទី​១៣ ខែតុលា​កន្លងទៅ ដែល​បានសម្លាប់​មន្ត្រី និង​កងទ័ព​សរុប​ចំនួន ១៣ នាក់​នៅឯ​រោងចក្រ​វា​រី​អគ្គិសនី​ក្នុង​ខេត្ត​ធួ​ធាន​ហឺ (Thua Thien Hu) ខណៈ​ក្រុម​សង្គ្រោះ​នៅតែ​បន្ត​ប្រតិបត្តិ​ការស្វែងរក​កម្ម​ករ​ដែល​បាត់​ខ្លួន​នៅឡើយ​។ គ្រោះ​រអិល​បាក់​ដី​មួយកន្លែង​ទៀត បានកើត​ឡើង​កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន ដែល​បានសម្លាប់​ទាហាន​យ៉ាងហោច ២២​នាក់​នៅក្នុង​ខេត្ត ក្វាង​ទ្រី (Quang Tri)​។​

​ប្រជាជន​ច្រើនជាង ៥២,១០០​គ្រួសារ​នៅតាម​តំបន់​នានា​នៃ​ខេត្ត ង៉េ​អាន (Nghe An), ហា​ទិញ (Ha Tinh), ក្វាង​ប៊ិ​ញ (Quang Binh) និង ក្វាង​ទ្រី (Quang Tri) ត្រូវបាន​អាជ្ញាធរ​ជម្លៀស​ទៅកាន់​តំបន់​មាន​សុវត្ថិភាព​។ គណៈកម្មាធិការ​ជាតិ​បានបញ្ជាក់​ទៀតថា ផ្ទះ​ច្រើនជាង ១៧៧,៩០០​ខ្នង​នៅក្នុង​ខេត្ត ដូចដែល​បាន​រៀបរាប់​ខាងលើ​ត្រូវបាន​ទឹក​ជន់​លិច​។ បន្ថែម​ពីនេះ​ផ្ទៃដី​ដំណាំ​ប្រមាណ​ជាង ២៣៣,៨០០​ហិកតា​ត្រូវបាន​ទឹកជំនន់​បំផ្លិចបំផ្លាញ ខណៈ​សត្វពាហនៈ​ជាង ៦៩១,១០០​ក្បាល​បាន​ងាប់ ចរាចរណ៍​តាម​មធ្យោបាយ​នានា​ត្រូវបាន​កាត់ផ្តាច់ ព្រមទាំង​បង្ខំ​ឲ្យ​សាលារៀន​ជាច្រើន​បិទទ្វារ​ផងដែរ​។​

នៅ​ជុំវិញ​បញ្ហា​ខាងលើ នាយករដ្ឋមន្ត្រី​វៀតណាម​លោក ង្វៀន សួន​ហ្វុ​ក (Nguyen Xuan Phuc) បាន​ជម្រុញ​ឲ្យ​មាន​ការខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ពី​សំណាក់​មន្ត្រី​ជាក់​ពាក់ព័ន្ធ​នៅក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ នៅ​តំបន់​ភាគ​កណ្តាល​ដែល​ត្រូវបាន​បំផ្លាញ ដោយ​គ្រោះទឹកជំនន់​ជា​ប្រវត្តិសាស្ត្រ​។ នាយករដ្ឋមន្ត្រី​វៀតណាម​ក៏បាន​គូសបញ្ជាក់ អំពី​សុវត្ថិភាព​នៃ​ទំនប់ និង​អាង​ស្តុក​ទឹក​ផងដែរ ដោយបាន​ជំរុញ​ឲ្យ​មាន​ផែនការ​ឆ្លើយតប​សមស្រប និង​ឧបករណ៍​ចាំបាច់ ដើម្បី​ជួយសង្គ្រោះ​ប្រជាជន និង​ដោះស្រាយ​បញ្ហា​ដែល​កំពុង​ប្រឈម​។ លើសពីនេះ ខេត្ត​នីមួយៗ​នឹង​ទទួលបាន​ប្រាក់ ១០០ ពាន់​លាន​ដុង​វៀតណាម (​ប្រហែល ៤.៣​លាន​ដុល្លារ​អាមេរិក​) ជា​ជំនួយ​សង្គ្រោះ​ផងដែរ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close