កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ១​នាក់​ទៀតហើយ ជា​ជនជាតិ​ប៉ូឡូញ

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល បានប្រកាស​រកឃើញ​ក​រ​ណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​ថ្មី ចំនួន ១​នាក់ លើ​បុរស​ជនជាតិ​ប៉ូឡូញ ដែល​ទើប​ធ្វើដំណើរ​ចូលមក​កម្ពុជា​។​

​ក្រសួង បញ្ជាក់ថា បុរស​ជនជាតិ​ប៉ូឡូញ អាយុ​៤៧​ឆ្នាំ វិជ្ជមាន​វីរុស​កូ​វីដ​-១៩​នេះ មាន​អាសយដ្ឋាន​ស្នាក់នៅ​បណ្ដោះអាសន្ន នៅ​សណ្ឋាគារ​មួយ ក្នុង​ខេត្ត​ព្រះសីហនុ ជា​អ្នក​ដែល​បានធ្វើ​ដំណើរ​មកពី​ប្រទេស​ប៉ូឡូញ បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង បាន​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០ នៅ​កម្ពុ​ជាមាន​រកឃើញ​អ្នកមាន​វីរុស​កូ​វីដ​-១៩ មាន​ចំនួន​សរុប​២៨៦​នាក់ (​ស្ត្រី ៥៨​នាក់ និង​បុរស ២២៨​នាក់​) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស​មាន​ចំនួន ២៨០​នាក់ (​ស្មើនឹង ៩៧.៩០% ធៀប នឹង​ចំនួន​អ្នកមាន​វីរុស​កូ​វីដ​-១៩​ទាំងអស់​) និង​អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ចំនួន​០៦​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close