សម្ដេច​តេ​ជោ ចុះ​ជួប​សួរសុខទុក្ខ​ប្រជាពលរដ្ឋ ១​ម៉ឺន​គ្រួសារ នៅ​ខេត្តបន្ទាយមានជ័យ ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​

​ខេត្តបន្ទាយមានជ័យ​៖ នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០ នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចូលរួម​អមដំណើរ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពិធី​ចុះ​ជួប​សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​១​ម៉ឺន​គ្រួសារ ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង នៅ​ខេត្តបន្ទាយមានជ័យ ខណៈ​នៅ​ថ្ងៃស្អែក​ទី​២២ ខែតុលា ឆ្នាំ​២០២០ នឹង​បន្ត​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​១​ម៉ឺន​គ្រួសារ​ទៀត​។​

​ក្នុង​ពិធី​ចុះ​ជួប​សួរសុខទុក្ខ និង​ចែក​អំណោយ​នា​ព្រឹក​នេះ ពាក់ព័ន្ធ​នឹង​ក្រសួង​ធនធានទឹក និង​ឧតុនិយម សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ចាត់​ឲ្យ​ក្រសួង​សហការ​ជាមួយ​ស្ថាប័ន ពាក់ព័ន្ធ​របស់​រាជរ​ដ្ឋា​ភិ​បាល ចាប់​អនុវត្ត​សាងសង់​សំណង់​ទំនប់​ស្ពាន​តា​ផាន់​(​ជា​ស្ពាន​ចាស់​បូរាណ​) កាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំនុច​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ដែលមាន​រង្វះ​មាត់ទឹក​ហូរ​តូច ប្រែក្លាយជា​ស្ពាន​ធំ​មាន​សំណង់​ទ្វារ​ទឹក​សម្រាប់​បើក​សម្រួល​ចរន្តទឹក​បន្ថែម ដើម្បី​ការពារ និង​បន្ថយ​ផលប៉ះពាល់​ទឹក​ជន់​លិច​ឲ្យ​បានជា​អតិបរិមា​ដល់​លំនៅឋាន ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្ទៃដី​ដាំ​ដុះ​របស់​បងប្អូន​ប្រជាពលរដ្ឋ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close