ឯកឧត្តម គួច ចំរើន ស្នើ​ឲ្យពលរដ្ឋ​សហការ​ជាមួយ​មន្ត្រី​ជំនាញ ក្នុងការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​

​ខេត្ត​ព្រះសីហនុ​៖ នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ ២០២០ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​បើក​កិច្ចប្រជុំ ផ្សព្វផ្សាយ​សេចក្តីប្រកាស​កំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ស្ថិត នៅក្នុង​ភូមិ​អូរ​ឧកញ៉ា​ហេង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដោយមាន​ការចូលរួម ពី​លោក​អភិបាលរង​ខេត្ត អាជ្ញាធរ​ស្រុក មន្ទីរ​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ក្បាលដី​។​

​លោក សរ កក្កដា អភិបាលស្រុក​ព្រៃនប់ បានអោយដឹងថា​ក្រោយពី​ការចុះបញ្ជី​ដីធ្លី​នេះ​រួច ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​ក្បាលដី អ្នកកាន់កាប់​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ ហើយ​តាមរយៈ នៃ​ប័ណ្ណកម្មសិទ្ធិ​នេះ​បងប្អូន​ប្រជាពលរដ្ឋ នឹង​ឆ​ក្លាយ ជា​ម្ចាស់​ដី​ពិតប្រាកដ មាន​សិទ្ធិ​ស្របច្បាប់​ក្នុងការ​កាន់កាប់​ប្រើប្រាស់ អាស្រ័យ​ផល និង​ចាត់ចែង មិន​ត្រឹមតែ​ប៉ុណ្ណោះ​ប​ណ្ណ័​កម្មសិទ្ធិ​នេះ គឺជា​ឯកសារ​គតិយុត្ត​សំរាប់​ជា​សំអាង នៅពេល​មាន​ជំលោះ​កើតឡើង បញ្ជាក់ថា​ខ្លួន​ជា​ម្ចាស់​ដីធ្លី​ពិតប្រាកដ​។​

​លោក ចេង ស្រុង ប្រធាន មន្ទីរ​រៀបចំ​ដែនដី​នគ​រូប​នី​យ កម្ម​សំណង់ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា ការអនុវត្ត​ចុះ បញ្ជី​ដីធ្លី​លក្ខណៈ​ជា​ប្រព័ន្ធ របស់​កម្មវិធី​អនុវិស័យ​រដ្ឋបាល​ដីធ្លី​ខេត្ត ចាប់ផ្ដើម​នៅ​ថ្ងៃទី​១៣ ខែតុលា ២០០៣ រហូតមកដល់​បច្ចុប្បន្ន បានធ្វើការ​ចុះបញ្ជី​ដី​ជូន​ប្រជាពលរដ្ឋ ជា​លទ្ធផល​ប្រមូល​ទិន្នន័យ ៤៧,០៣៣ ក្បាលដី សម្រេច​ចេញ​ប័ណ្ណកម្មសិទ្ធិ​បាន ៣៦,១២៨​ប័ណ្ណ និង​ចែក​ប័ណ្ណ​បាន ៣២,៨៣១​ប័ណ្ណ និង​ដោះ ស្រាយ​ទំនាស់​បាន ១,០៣៧​ក្បាលដី និង​ក្បាលដី​ទំនាស់ ២,០១៩ ។ ដោយឡែក​ឃុំ​អូរ​ឧកញ៉ា​ហេង ចុះ​វាស់​ក្បាលដី​សរុប ៥,៦៥៩ បំពេញ​ទំរង់​បែបបទ​នៃ​ការប្រមូល​ទន្ន​ន័យ​ក្បាលដី​ចំនួន ៥,៣៧៤ ។​

​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍​សំណេះ សំ​ណា​ល​ជាមួយ​ប្រជាពលរដ្ឋ និង​កោត សរសើរ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោ​ង​ដី​ខេត្ត បាន​ខិតខំ​ប្រឹងប្រែង​សម្រេច​លទ្ធផល​ក្នុង​ការចុះ បញ្ជី​ប្រមូល​ទិន្នន័យ​ក្បាលដី និង​អ្នក កាន់កាប់​ដី ដែល​កំពុង​អនុវត្ត​ចុះ​កំណត់​ព្រំ វាស់វែង ផ្សព្វផ្សាយ​កំណត់​តំបន់​វិ​និ ច្ឆ័​យ ភូមិ​អូរ​ឧកញ៉ា​ហេង ដើម្បី​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ ។​

​ឯកឧត្តម​បាន​បញ្ជាក់ថា គោលបំណង​នៃ​ការប្រជុំ​ផ្សព្វផ្សាយ​ថ្ងៃនេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​ជា​សាធារណៈ នូវ​ដំណើរការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​រួមមាន​ការកំណត់​ព្រំដី ការវាស់វែង និង​ការវិនិច្ឆ័យ ដែល​អនុវត្ត​ផ្ទាល់​ដោយ​មន្ត្រី​ជំនាញ នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ រាំង​សុរិយោដី​ខេត្ត សហការ​ជាមួយ​អាជ្ញាធរ​ដែនដី និង​មន្ទីរ អង្គភាព​គ្រប់គ្រង​ដី​រដ្ឋ​ដែល​ពាក់ព័ន្ធ ។ ការចុះបញ្ជី​ដីធ្លី​នេះ​គឺ ត្រូវ​ចុះបញ្ជី​ទាំង​ដីឯកជន ទាំង​ដី​រដ្ឋ ដែល​អនុវត្ត​ទៅតាម​នីតិវិធី និង​បច្ចេក វិទ្យា​ទំនើប មាន​តម្លាភាព និង​ការ​ទទួលខុស ត្រូវ ដែល​ប្រទេស​ជឿនលឿន​លើ​ពិភពលោក ដែល​កំពុង​អនុវត្ត ហើយ​មាន​ប្រសិទ្ធិភាព​លើ​ការគ្រប់គ្រង​ដីធ្លី​។ នេះ​ជា​ប្រការ​សមស្រប​បំផុត ដែល​បានកំណត់​នៅក្នុង​គោល នយោបាយ​ដីធ្លី​របស់​រាជរដ្ឋាភិបាល ដើម្បី​កាត់ បន្ថយ​ភាពក្រីក្រ ទំនាស់​ដីធ្លី​នៅក្នុង​សង្គម និង​ការអភិវឌ្ឍ​ប្រទេសជាតិ​។​

​ជាមួយគ្នានេះ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ​ផ្តល់​ការគាំទ្រ យោគយល់ និង​ផ្តល់​កិច្ចសហការ​ជាមួយ​ក្រុមការងារ​មន្ត្រី​ជំនាញ ក្នុង​ដំណើរការ​ចុះបញ្ជី​ដី​ធី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នេះ អោយបាន​ជោគជ័យ​៕
 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close