​សាងសង់​ណង់​រំលោភ​លើដី​ផ្លូវ ដី​ចំណីផ្លូវ អូរ ប្រឡាយ និង​ស្ទឹងសៀមរាប ត្រូវ​រុះរើ​ចេញ​ជាបន្ទាន់

​ខេត្តសៀមរាប​៖ យោងតាម​ការសម្រេចរ​បស់​គណៈកម្មការ​អន្តរក្រសួង​ស្តីពី​ការសិក្សា និង​អនុវត្ត​គម្រោង​ស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ៣៨​ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០២០ និង​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ លើ​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​៣៨​ខ្សែ រដ្ឋបាលខេត្ត បាន​ពិនិត្យឃើញថា​មាន​សំណង់​លំនៅឋាន តូប​លក់ដូរ របង និង​សំណង់​ការ​ផ្សេងៗ​ទៀត របស់​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន បាន​សាងសង់​រំលោភ​លើដី​ផ្លូវ ដី​ចំណីផ្លូវ អូរ ប្រឡាយ និង​ស្ទឹង ដែល​ចាំបាច់​ត្រូវ ធ្វើការ​រុះរើ ជាបន្ទាន់ សម្រួល​ដល់​ការងារ​ស្ថាបនា​ផ្លូវ​ស្របតាម​ផែនការ​ដែល​បានគ្រោង​ទុក​។​

​បន្ទាប់ពី​បាន​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នាពេល​កន្លងមក រដ្ឋបាលខេត្ត​សង្កេតឃើញថា​មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​នឹង​កំពុង​រុះរើ​សំណង់​នានា ដែល​ស្ថិត​លើដី​ចំណីផ្លូវ ប៉ុន្តែ​មាន​ប្រជាពលរដ្ឋ​ផ្សេងទៀត​មិនទាន់បាន​រុះរើ​សំណង់​របស់ខ្លួន​នៅឡើយ​។ ដូចនេះ រដ្ឋបាលខេត្ត សូម​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន​ទូទៅ​ដែល មាន​សំណង់​រំលោភ​លើផ្លូវ ដី​ចំណីផ្លូវ អូរ ប្រឡាយ និង​ស្ទឹង​សៀមរាប​ដែល​មិនទាន់បាន​រុះរើ ត្រូវ ធ្វើការ​រុះរើ​ដោយ​ខ្លួនឯង និង​អនុវត្តតាម​ប្លង់​ចុះបញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​(LMAP) ដែល​ក្រុមការងារ បច្ចេកទេស​កំពុង​ពិនិត្យ និង​វាស់វែង​ជូន មុននឹង​រដ្ឋបាលខេត្ត​ចាត់វិធានការ​រុះរើ​តាម​ពេលវេលា​កំណត់ ក្នុង​សេចក្តីជូនដំណឹង​លេខ​១៣២០/២០ ស​.​ជ​.​ណ ចុះ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ របស់​រដ្ឋបាលខេត្ត តាម​នីតិវិធី និង​ច្បាប់​ជា​ធរមាន​ដោយ​មិន​ទទួលខុសត្រូវ​រាល់​ការខូចខាត និង​បាត់បង់​សម្បត្តិរ​នស់​បងប្អូន​ប្រជាពលរដ្ឋ​ឡើយ​។​

​រដ្ឋបាល​ខេត្តសៀមរាប សង្ឃឹម​យ៉ាង​មុតមាំ​ថា​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន ដែលជា​ម្ចាស់​សំណង់​រំលោភ​លើដី​ផ្លូវ ដី​ចំណីផ្លូវ អូរ ប្រឡាយ និង​ស្ទឹង ចូលរួម​អនុវត្ត​ដោយ​ធ្វើកា​រុះរើ​សំណង របស់ខ្លួន​ឱ្យបាន​ឆាប់​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close