រកឃើញសាកសពក្មេងស្រី ដែលធ្លាក់ចូលទឹកជ្រោះក្បាលឆាយ កាលពីម្សិលមិញហើយ!
ខេត្តព្រះសីហនុ៖ ករណីក្មេងស្រី ដែលធ្លាក់ចូលទឹកជ្រោះ នៅរមណីយ៍ដ្ឋានក្បាលឆាយ កាលពីរសៀល ថ្ងៃទី២១ តុលា ម្សិលមិញ សមត្ថកិច្ច បានស្វែងរកសាកសពឃើញហើយ នៅវេលាម៉ោងជិត៨ព្រឹក ថ្ងៃ២២ តុលានេះ។
គួររំលឹកថា ក្មេងស្រីរងគ្រោះឈ្មោះ រឿង បញ្ញា អាយុ១៣ឆ្នាំ ជាសិស្ស រៀននៅខេត្តបាត់ដំបង ស្នាក់បណ្ដោះអាសន្ននៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ បានរអិលជើងធ្លាក់ចូលទៅក្នុងល្បាក់ថ្ម រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ ស្ថិតនៅសង្កាត់១ ក្រុងព្រះសីហនុ ខណៈមកលេងកំសាន្តជាមួយក្រុមគ្រួសារ កាលពី រសៀលថ្ងៃ២១ តុលា ហើយក៏បាត់ខ្លួន។
ករណីនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានដឹកនាំបញ្ជាផ្ទាល់ ក្នុងការរុករកសង្គ្រោះផងដែរ។ ក្រោយផ្អាករុករកពេលយប់ នៅព្រឹកថ្ងៃ២២ តុលានេះ សមត្ថកិច្ច និងក្រុមសង្គ្រោះ បានបន្តស្វែងរក និងស្រង់យកបានសាកសពក្មេងស្រីរងគ្រោះនៅជាប់ក្នុងល្បាក់ថ្ម។ បច្ចុប្បន្នសព ត្រូវបានសមត្ថកិច្ច បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។