មនុស្ស​ដែល​រួមភេទ​កាន់តែច្រើន តើ​ខួរក្បាល​របស់​ពួកគេ​កាន់តែ​ល្អ​មែន​ទេ​?

យោងទៅតាម​សេចក្តីរាយការណ៍​របស់ Mail Daily បាន​ឲ្យ​ដឹងថា មនុស្ស​ចាស់​ដែល​រួមភេទ​ជា​ទៀងទាត់​ឃើញថា​ពួកគេ​មាន​ថាមពល​ខួរក្បាល​ល្អ​ជាង​ធម្មតា​។ អ្នកចូលរួម​ការសិក្សា​នេះ ដែល​បាន​រួមភេទ​យ៉ាងហោចណាស់​ម្តង​ក្នុង​មួយ​សប្តាហ៍​ឃើញថា មាន​ពិន្ទុ​ខ្ពស់​លើ​ការប្រើ​ពាក្យសម្តី និង​ចេះដឹង​ច្រើនជាង​អ្នក​ដែល​មិនបាន​រួមភេទ​សោះ​។​

​ការធ្វើ​តេស្ត​ទៅលើ​សមត្ថភាព​ខួរក្បាល​នេះ​គឺ​ធ្វើ​ទៅតាម​លក្ខណៈ Addenbrookes Cognitive Examination III (ACE-III) ដែលជា​តេស្ត​បែប​ស្តង់ដារ​មួយ​ប្រភេទ​សម្រាប់​វាស់​កម្រិត និង​មុខងារ​របស់​ខួរក្បាល​។​

​ការសិក្សា​នេះ​មានការ​ចូលរួម​ពី​មនុស្ស​វ័យ​ពី ៥០ ទៅ​៨៣​ឆ្នាំ​ចំនួន ៧៣​នាក់ ហើយក៏​ត្រូវបាន​ធ្វើឡើង​ដោយ​អ្នកស្រាវជ្រាវ​នៅឯ​សាកលវិទ្យាល័យ Coventry និង Oxford ដែរ​។ ពួកគេ​និយាយថា លទ្ធផល​នៃ​ការសិក្សា​នេះ​បញ្ជាក់​យ៉ាងច្បាស់​ថា បុរស និង​ស្ត្រី​វ័យ​ចំណាស់​ដែលមាន​ទំនាក់ទំនង​ខាង​ផ្លូវភេទ​ជា​ទៀងទាត់​គឺមាន​មុខងារ​ឆ្លាត​វ៉ៃ​របស់​ខួរក្បាល​ល្អ​ជាង​អ្នក​ដែល​មិនមាន​ទំនាក់ទំនង​ផ្លុ​វ​ភេទ ឬ​មិន​ញឹកញាប់​។ ប៉ុន្តែ​រឿងនេះ​មិនទាន់​ដឹង​អំពី​មូលហេតុ​នៅឡើយ​ទេ​។​

​តាម​ការសិក្សា​មុនៗ​បាន​បង្ហាញថា មនុស្ស​វ័យ​ចំណាស់​ដែលមាន​ជីវិតរ​ស់​នៅ​ក្នុងសង្គម​យ៉ាងសកម្ម និង​មាន​ភាព​សកម្ម​ខាង​ផ្លូវកាយ​ជាប់​ទំនងជា​មានមុខ​ងា​រ​ឆ្លាត​វ៉ៃ​របស់​ខួរក្បាល​ល្អ​ជាង​អ្នកដទៃ​។​

​ស្ថិត​ត្រង់ចំណុច​នេះដែរ អ្នកស្រាវជ្រាវ​បាន​បាន់​ស្មានថា វា​អាច​បណ្តាលមកពី​ការបញ្ចេញ​សារធាតុ Dopamine ដែលជា​សារធាតុ​គីមី​ចម្លង​សរសៃប្រសាទ​សម្រាប់​ផ្តល់ព័ត៌មាន​ដល់​ខួរក្បាល​ក្នុងពេល​មាន​សកម្មភាព​រួមភេទ​។​

​យ៉ាងណាមិញ យើង​មិនអាច​ទាញ​សេចក្តីសន្និដ្ឋាន​មួយ​ពី​ការសិក្សា​នេះ​បាន​ថា តើ​ការ​រួមភេទ​ជួយ​រក្សា​មុខងារ​ខួរក្បាល​កាន់តែ​ល្អ ឬ​អ្នក​ដែលមាន​ខួរក្បាល​ល្អ​ត្រូវតែ​បន្ត​រួមភេទ​ជា​ទៀងទាត់​ឬ​អត់​នោះទេ​។ ប៉ុន្តែ​បើសិនជា​អ្នកជា​មនុស្ស​ចាស់​មែន ហើយ​មិន​ចង់​មាន​សកម្មភាព​ខាង​ផ្លូវភេទ លទ្ធផល​នៃ​ការសិក្សា​នេះ​ក៏​មិនមែន​មានន័យថា​អ្នក​ត្រូវតែមាន​ការព្រួយបារម្ភ​នោះដែរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close