អឺរ៉ុប នឹង​កាត់បន្ថយ​កម្រិត​ឧស្ម័ន​កាបូនឌីអុកស៊ីត​ឱ្យមក​០% ក្នុង​ឆ្នាំ​២០៣០ នៅ​កម្ពុជា

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានទទួល​ជួប​ជាមួយ​លោក ថា​ស៊ីឡូ ព្រី​ន​សឺ (Tassilo Brinzer) ប្រធាន​ថ្មី​នៃ​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ពិភាក្សា​ការងារ និង​ព​ង្រឹ​ក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម​។​

​ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ឲ្យ​ប្រតិភូ​នៃ​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ចូលរួម​កម្មវិធី ឬ​ព្រឹត្តិការណ៍​ពិព័រណ៍​ពាណិជ្ជកម្ម និង​ជំនួប​ពាណិជ្ជកម្ម​ជាមួយ​អ្នក​ធុរកិច្ច​កម្ពុជា និង​បានស្នើ​ឲ្យ​កិច្ចសហប្រតិបត្តិការ​ពី​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ក្នុងការ​ចូលរួម​ក្នុងការ​រៀបចំ​វេទិកា​ធុរៈកិច្ច​នានា​នៅក្នុង​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប (ASEM) លើក​ទី​១៣ នៅ​ប្រទេស​កម្ពុជា នាពេលខាងមុខ​ផងដែរ​។​

​ជា​កិច្ច​ឆ្លើយតប លោក​ប្រធាន​នៃ​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង និង​លទ្ធផល​ដ៏​ល្អ​ដែល​កម្ពុជា​ទទួល​បានកា​រ​អនុម័ត​ច្បាប់​ខាងលើនេះ ដែល​នឹង​ក្លាយជា​មូលដ្ឋានគ្រឹះ ដើម្បី​ធានា​ភាពជឿជាក់​សម្រាប់​អ្នក​ធុរកិច្ច និង​វិស័យ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​នាពេល​អនាគត​។ បន្ថែម​ពីនេះ លោក​ប្រធាន ក៏បាន​លើកឡើង​ពី​គោលការណ៍​របស់​ក្រុមហ៊ុន​អឺរ៉ុប ក្នុងការ​ប្រើប្រាស់​ថាមពល​កើតឡើង​វិញ និង​ការកាត់បន្ថយ​កម្រិត​ឧស្ម័ន​កាបូនឌីអុកស៊ីត​ឱ្យមក​០% ក្នុង​ឆ្នាំ​២០៣០ នៅក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម​របស់ខ្លួន​។ លោក​ប្រធាន​ក៏បាន​យល់ព្រម​ក្នុង​ការជួយ​រៀបចំ​វេទិកា​ធុរៈកិច្ច​នៅក្នុង​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប (ASEM) លើក​ទី​១៣ ដោយ​ទទួល​អញ្ជើញ​វាគ្មិន​អន្តរជាតិ​ចូលរួម​ក្នុង​វេទិកា​នេះ​។​

​ជា​កិច្ច​ឆ្លើយតប​មុននឹង​បញ្ចប់​កិច្ចប្រជុំ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ឯកភាព និង​ស្វាគមន៍​ចំពោះ​សំណូមពរ​របស់លោក​ប្រធាន និង​ស្នើ​ឲ្យ​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម ដែលមាន​លោកជំទាវ តឹក​រ៉េត កំរង រដ្ឋលេខាធិការ ដើម្បី​រៀបចំ​វេទិកា​ធុរៈកិច្ច​នានា​នៅក្នុង​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប (ASEM) លើក​ទី​១៣ ផងដែរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close