សម្បុក​សត្វ​ចង្កៀលខ្យង​ជាង ២​ពាន់ រកឃើញ​ជា​លើកដំបូង នៅ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ

​ខេត្តតាកែវ​៖ បឹង​ព្រែក​ល្ពៅ គឺជា​តំបន់ដីសើម​ដ៏​ធំ​មួយ​ដែល​ស្ថិតក្នុង​តំបន់​ដីសណ្ត​ទន្លេមេគង្គ​ក្រោម និង​ត្រូវ​បានកំណត់​ជា​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​តាមរយៈ​អនុក្រឹត្យ​លេខ​៩០​អនក្រ​.​បក ចុះ​នៅ​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៦ ដែលមាន​ទីតាំង​ភូមិសាស្ត្រ​ស្ថិតនៅ​ស្រុក​បូរី​ជលសារ និង​ស្រុក​កោះអណ្តែត ខេត្តតាកែវ​។ តំបន់ដីសើម​នេះ​មាន​សារៈសំខាន់​ក្នុងការ​ទ្រទ្រង់ ផ្គត់ផ្គង់ និង​ជាទី​ជម្រក​របស់​សត្វ​ស្លាប រុក្ខជាតិ មច្ឆជាតិ និង​សត្វព្រៃ​ផ្សេងៗ ដែល​ក្នុងនោះ​មាន​សត្វ និង​រុក្ខជាតិ​មួយចំនួន​មិនទាន់បាន​កត់ត្រា​លម្អិត​នៅឡើយ​ទេ​។ អង្គការ​BirdLife ក្រោម​កិច្ចសហការ​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ បានធ្វើការ​គាំទ្រ​ដល់​ការអង្កេត​តាមដាន​ជីវៈចម្រុះ​នៅ​តំបន់​បឹង​ព្រែក​ល្ពៅ​តាំងពី​ឆ្នាំ​២០០៣​មកម្ល៉េះ​។

​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​បាន​នឹង​កំពុង​គាំទ្រ​ដល់​សត្វ​ក្រៀល​រក​ចំណី​នៅ​រដូវ​មិន​បន្ត​ពូជ​ប្រមាណ​៣០% នៃ​ចំនួន​សត្វ​ក្រៀល​សរុប​ទូទាំងប្រទេស និង​បាន​គាំទ្រ​ដល់​សត្វ​ស្លាប​ផ្សេងៗ​ទៀត​ប្រមាណ​ជា​១២៩​ប្រភេទ ព្រមទាំង​បានផ្តល់​គុណ​តម្លៃ​សេវាកម្ម​អេកូឡូស៊ី​(​ត្រី ទឹក កសិកម្ម​…) ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ជុំវិញ ក្នុងតម្លៃ​ប្រមាណ​ជាង​ពីរលាន​ដុល្លា​អា​មេ​រិច​ក្នុង​មួយឆ្នាំ (WWT, ២០១២ )​។​

​សត្វ​ចង្កៀលខ្យង ត្រូវបាន​កត់ត្រា​មាន​វត្ត​មាននៅ​តំបន់​បឹង​ព្រែក​ល្ពៅ​តាំងពី​ឆ្នាំ​២០0៣​មកម្ល៉េះ ដែលមាន​ចំនួន​ប្រហែល​ជាង​មួយរយ​ក្បាល​ប៉ុណ្ណោះ​។ ចំនួន​សត្វ​នេះ​បាន​នឹង​កំពុង​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​គួរឱ្យកត់សម្គាល់​។ យោងតាម​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​មន្ត្រី​ជីវៈចម្រុះ នៅក្នុង​ឆ្នាំ​២០២០​នេះ ចំនួន​របស់​ពួកវា​បាន​កើនឡើង​រហូតដល់​រាប់ពាន់​ក្បាល និង​មាន​សម្បុក​ពង​កូន​យ៉ាងតិច​ចំនួន​២១៨៦ នៅលើ​ដើម​រាំង​ចំនួន​២៧០​ដើម​។ ការធ្វើ​សម្បុក​នេះ ជា​កំណត់ត្រា​ថ្មី​ដែល​ពុំ​ធ្លាប់មាន​ក្នុង​រយៈពេល​ប្រមាណ​ជាង​១៥​ឆ្នាំ​ចុង​ក្រោយនេះ​។​

​លោក លឹម វ៉ាត នាយករង​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ បាន​មានប្រសាសន៍ថា ក្នុង​រយៈពេល​៤​ឆ្នាំ​ដែល​ក្រសួងបរិស្ថាន​បាន​គ្រប់គ្រង​តំបន់​នេះ យើង​សង្កេតឃើញថា​ចំនួន​សត្វ​ស្លាប​ព្រៃ​មានការ​កើនឡើង​ជា​លំដាប់​។ ជាក់ស្ដែង​ដូចជា​វត្តមាន​ពង​កូន​សត្វ​ចង្កៀលខ្យង​ដែល​ទើបនឹង​រកឃើញ​ជា​លើក​ទី​១​នាពេល​ថ្មីៗ​នេះ​។ ទិន្នន័យ​នេះ បានបញ្ជាក់​ឱ្យឃើញ​យ៉ាងច្បាស់​នូវ​លទ្ធផល​ជា​វិជ្ជមាន​នៃ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមការងារ​យើង​កន្លងមក ក្នុងការ​ការពារ និង​អភិរក្ស​ធនធាន​ជីវៈចម្រុះ​នៅ​តំបន់ដីសើម​នេះ​។

​បឹង​ព្រែក​ល្ពៅ​ជា​ផ្នែក​មួយ​នៃ​ធនធានធម្មជាតិ​ដ៏​ធំ​បំផុត​ដែលមាន​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​ដីសណ្ដ​ទន្លេមេគង្គ​ក្រោម​នៃ​ប្រទេស​កម្ពុជា​។ តំបន់ដីសើម​នេះ មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ជាង ៥.០០០ គ្រួសារ​មកពី​២២ ភូមិ​ជុំវិញ​តាមរយៈ​ការផ្តល់​ជា​ទឹកសាប ត្រី និង​រុក្ខជាតិ​ឱសថ​។ តំបន់​នេះ ក៏​ផ្តល់​ការគាំទ្រ​ដ៏​សំខាន់​សម្រាប់​សន្តិសុខ​ស្បៀង និង​ភាព​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close