រដ្ឋសភាថៃបើកកិច្ចប្រជុំជាបន្ទាន់ស្វែងរកដំណោះស្រាយពាក់ព័ន្ធបាតុកម្ម
បាតុកម្មប្រឆាំង រដ្ឋាភិបាលនិងព្រះមហាក្សត្រថៃ បានកើនឡើងខ្ពស់ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយភាគច្រើនអ្នកចូលរួមបាតុកម្ម ជាយុវវ័យ អ្នកដែលបន្តវេងនាពេលអនាគត់។ ដោយមិនមានដំណោះស្រាយរដ្ឋាភីបាលទើបសម្រេចបើកកិច្ចប្រជុំសភាជាបន្ទាន់មួយ។

នៅថ្ងៃទី២៦ ខែតុលា សភាថៃបានបើកកិច្ចប្រជុំជាពិសេសរយៈពេល២ថ្ងៃដើម្បីពិភាក្សាពីវិវាទនយោបាយក្នុងប្រទេស ក្រោយពីមានបាតុកម្មកើតឡើងអូសបន្លាយជាច្រើនថ្ងៃមក ។ ប្រធានរដ្ឋសភាChuan Leekpai បានអំពាវនាវដល់សមាជិករដ្ឋសភានិងព្រឹទ្ធសភា សហការគ្នាដើម្បីស្វែងរកដំណោះស្រាយបញ្ចប់វិបត្តិ នយោបាយ។
កិច្ចប្រជុំជាពិសេស និងបន្ទាន់របស់រដ្ឋសភាធ្វើឡើងតាមមាត្រាទី១៦៥ នៃរដ្ឋធម្មនុញ្ញ ដែលបានចែងថា រដ្ឋាភិបាលអាចកោះប្រជុំជាបន្ទាន់ រដ្ឋសភានិងព្រឹទ្ធសភាដើម្បីស្តាប់ការលើកឡើងពីផែនការនយោបាយសំខាន់ៗ។ កាលពីសប្តាហ៍កន្លងមកគណៈរដ្ឋមន្ត្រីថៃ បានសម្រេចស្នើរដ្ឋសភាបើកកិច្ចប្រជុំជាបន្ទាន់ស្តីពីវិបត្តិ ក្នុងប្រទេស។
ព្រះមហាក្សត្រថៃ បានអនុញ្ញាតឲ្យកោះប្រជុំជាបន្ទាន់រដ្ឋសភា មុនពេលចូលធ្វើការឡើងវិញនៅថ្ងៃទី១ខែវិច្ឆិកា។ បច្ចុប្បន្នសភាថៃ បានឈប់សម្រាកដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ ការធ្វើបាតុកម្មនៅក្នុងប្រទេសថៃ អូសបន្លាយរយៈពេលជាច្រើនសប្តាហ៍កន្លងមក ហើយកាលពីថ្ងៃទី១៤ខែតុលា នៅទីលានប្រជាធិបតេយ្យក្នុងទីក្រុងបាងកកមានមហាបាតុកម្មទ្រង់ទ្រាយធំ ទាមទារឱ្យនាយករដ្ឋមន្ត្រីចុះចេញពីតំណែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។