ការឆ្លង​រាលដាល​កូ​វីដ​១៩ កើនឡើង​ខ្ពស់​នៅ​តំបន់​អឺរ៉ុប WHO ណែនាំ​ឲ្យ​ចាត់វិធានការ​ដ៏​ម៉ឺងម៉ាត់​បំផុត​

ប្រទេស​ជាច្រើន​ក្នុង​តំបន់​អឺរ៉ុប ក្នុងនោះ​មានបារាំង អាល្លឺម៉ង់ មានការ​ណី​ឆ្លង​កើនឡើង​ខ្ពស់ ក្នុង​មួយថ្ងៃៗ​។ ទាំងនោះ​ហើយ​បានជា មន្ត្រី​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​លើកឡើងថា​ទ្វីបអឺរ៉ុប​ត្រូវការ «​ចាត់​វិធានការណ៍​យ៉ាង​ម៉ឺងម៉ាត់​បន្ថែម​» ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​សកល (COVID-19) ហើយ​បញ្ហា​កង្វះ​សមត្ថភាព​ក្នុងការ​តាមដាន​អ្នកជំងឺ​នេះ នឹង​ជម្រុញ​ឲ្យ​មាន​ការឆ្លង​រីក​រាលដាល​កាន់តែខ្លាំង​។​

​នាយក​ផ្នែក​កម្មវិធី​សង្គ្រោះបន្ទាន់​អង្គការ WHO លោក ម៉ៃ​ក៍ រី​យ៉ាន (Mike Ryan) បាន​គូសបញ្ជាក់​ប្រាប់​សន្និសីទ​សារព័ត៌មាន​យ៉ាង​ដូច្នេះ​ថា «​ឥឡូវនេះ​ទ្វីបអឺរ៉ុប​កំពុងតែ​ស្ថិតនៅ​ពីក្រោយ ការគំរាមកំហែង​ដោយ​ជំងឺ COVID-19 នេះ​នៅឡើយ ដូច្នេះ​ការចាត់​វិធានការណ៍​យ៉ាង​ម៉ឺងម៉ាត់​បន្ថែម គឺជា​រឿង​ដែល​ទ្វីបអឺរ៉ុប​ត្រូវតែ​ធ្វើ បើទោះបីជា​មានការ​កើនឡើង​នូវ​សមត្ថភាព​ព្យាបាល​អ្នកជំងឺ COVID-19 កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​នៅក្នុង​ទ្វីបអឺរ៉ុប ដែល​អាចធ្វើ​ឲ្យ​អត្រា​មរណភាព​មានការ​ថយចុះ​ក៏ដោយ​»​។​

​បន្ថែម​ពីនេះ ទ្វីប​អ៊ឺរ៉ុប​ក៏​កំពុងតែ​មើលឃើញ​នូវ​ករណី​ឆ្លង COVID-19 មួយចំនួនធំ​ផងដែរ ដោយសារ​តែមាន​ការខ្វះ​ខាត​នូវ​សម្ថ​ត​ភាព ក្នុងការ​តាមដាន​អ្នកជំងឺ​នេះ ទើបបានជា​ជម្រុញ​ឲ្យ​មាន​ការឆ្លង​រីក​រាលដាល​កាន់តែខ្លាំង​។ លោក Ryan បាន​គូសបញ្ជាក់​ជុំវិញ​បញ្ហា​នេះ​ទៀតថា «​ពេលនេះ ប្រទេស​ជាច្រើន​កំពុង​ប្រឈម​នឹង​ការបិទទ្វារ នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ​។ ប៉ុន្តែ​វា​មិនមែនជា​ស្ថានភាព​ដែល​ខ្ញុំ​ប្រាកដថា ប្រទេស​ណាមួយ​នៅក្នុង​ទ្វីបអឺរ៉ុប ឬ​នៅលើ​ពិភពលោក​ចង់​ជួបប្រទះ​នោះទេ​»​។​

​ទន្ទឹមនឹងនេះ ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) លោក ថេ​ដ្រូ​ស អា​ដាណ​ម (Tedros Adhanom Ghebreyesus) ក៏បាន​លើកឡើង​ដូច្នេះ​ថា «​ក្នុងអំឡុងពេល​រលក​ដំបូង​នៃ COVID-19 ប្រទេស​អ៊ីតាលី និង​អេ​ស្ប៉ា​ញ​ក៏បាន​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​ការពារ​អ្នក​ដែល​ងាយ​រងគ្រោះ​ផងដែរ ហើយ​ក្នុងពេល​តែមួយ​នោះ គឺ​ពិតជា​បាន​កាត់បន្ថយ​នូវ​ករណី​ឆ្លង​ពិតប្រាកដ​មែន ព្រោះ​ការរួបរួម​គ្នា​ក្នុងការ​ប្រយុទ្ធប្រឆាំង​វា​មាន​សារៈសំខាន់​ណាស់ ដែល​រដ្ឋាភិបាល និង​ពលរដ្ឋ​ទាំងអស់ ចាំបាច់​ត្រូវ​ចូលរួមចំណែក និង​ត្រូវតែ​ធ្វើ​អ្វីៗ​គ្រប់យ៉ាង ដើម្បី​កាត់បន្ថយ​ការឆ្លង​រីក​រាលដាល​នេះ​»​។​

​គួរ​ជម្រាប​ថា បើ​យោងតាម​គេហទំព័រ Worldometers បច្ចុប្បន្ននេះ ទ្វីប​អ៊ឺរ៉ុប​បាន​កត់ត្រា​នូវ​ករណី​ឆ្លង COVID-19 នៅ​ទូទាំង​ទ្វីប​ជាង ៨,៦២៨,០០០​ករណី ក្នុងនោះ​មាន​អ្នកស្លាប់​ជាង ២៥២,០០០​នាក់ និង​ជាសះស្បើយ​ជាង ៣,៤៩៦,០០០​នាក់​៕
​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close