ស្ត្រីជនជាតិចិនម្នាក់ ដើរស្រែកយំថាត្រូវចោរឆក់នោះ ជាព័ត៌មានមិនពិត

ភ្នំពេញ៖ សេចក្តីបកស្រាយបំភ្លឺ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងករណីស្ត្រីជនជាតិចិនម្នាក់ដែលសារព័ត៌មានមួយចំនួនបានចុះផ្សាយថាត្រូវបានចោរឆក់កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ជាព័ត៌មានមិនពិត ជាក់ស្តែងមិនមានករណីឆក់កើតឡើងដូចស្ត្រីចិនរូបនេះលើកឡើងឡើយ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា បន្ទាប់ពីធ្វើការសហការស្រាវជ្រាវ រវាងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ការិយាល័យអនុវត្តនីតិវិធីនៃផែនការងារអន្តោប្រវេសន៍ ជាមួយនាយកដ្ឋានព្រហ្មទណ្ឌ អស់រយ:ពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ សមត្ថកិច្ចបានរកឃើញស្ត្រីជនជាតិចិនឈ្មោះ ZHAO YUNYAN ហើយបាននាំយកមកធ្វើការសាកសួរ និងបំភ្លឺចំពោះករណីដែលគាត់បានលើកឡើងថា មានករណីចោរឆក់កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ក្រោយពីធ្វើការសាកសួរ ស្ត្រីរូបនេះបានសារភាពថា មិនមានករណីឆក់កើតឡើងមកលើរូបគាត់នោះទេ ដោយសារតែគាត់ចង់បានលុយ ដើម្បីត្រឡប់ទៅប្រទេសចិនវិញ ទើបប្រឌិតរឿងនេះឡើង។
ម្យ៉ាងវិញទៀតដោយមានការសង្ស័យថា ស្ត្រីរូបនេះប្រើប្រាស់សារធាតុញៀន មន្ត្រីជំនាញបានធ្វើតេស្តស្ត្រីជនជាតិចិនរូបនេះ ជាលទ្ធផលបានបង្ហាញថាគាត់ពិតជាបានប្រើប្រាស់សារធាតុញៀនពិតប្រាកដមែន។ ពេលនេះសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងប៉ុស្តិ៍នគរបាលរដ្ឋចតុមុខនៃអធិការដ្ឋាននគបាលខណ្ឌដូនពេញ កំពុងរៀបចំឯកសារបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសុំគោលការណ៍ពីថ្នាក់ដឹកនាំត្រៀមបណ្តេញចេញពីប្រទេសកម្ពុជា។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តថា ដើម្បីចូលរួមសហការទប់ស្កាត់ព័ត៌មានមិនពិត មុននឹងធ្វើការចុះផ្សាយទាក់ទងទៅនឹងករណីអ្វីមួយដែលមិនមានប្រភពច្បាស់លាស់ សូមធ្វើការសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់ជាមុនសិន ដើម្បីកុំឲ្យមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ ជាពិសេសការចុះផ្សាយព័ត៌មានមិនពិតមួយចំនួនអាចក្នុងគោលបំណងអាក្រក់ដើម្បីបំពុលបរិយាកាសសង្គមផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។