ថ្ងៃនេះ កម្ពុជា​រកឃើញ​ជនជាតិ​ខ្មែរ​២​នាក់​ដែល​ទើប​មកពី​ប្រទេស​ជប៉ុន មាន​កូ​វីដ​១៩​

នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានប្រកាសថា គេ​បាន​រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន២នាក់ថែមទៀត។

ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន០២នាក់នេះ គឺជា​បុរស​ជនជាតិខ្មែរអាយុ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល និងបុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកបាកាន ខេត្តពោធិ៍សាត់។

បុរសទាំងពីរនាក់នេះ បានធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។ បច្ចុប្បន្ន អ្នកជំងឺទាំងពីរនាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

បើតាម​ការ​បញ្ជាក់របស់​ក្រសួងថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺទាំង២ សរុបមានចំនួន៣៩នាក់ (ស្រី០៧នាក់) ដែលក្នុងចំនួននេះ មានអ្នកជំងឺ ០២នាក់ខាងលើនេះផងដែរ។ រីឯអ្នកដំណើរចំនួន៣៧នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ នោះត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅវិទ្យាល័យពោចិនតុងចំនួន១១នាក់ និងសណ្ឋាគារមួយចំនួនក្នុងរាជធានីភ្នំពេញចំនួន ២៨នាក់។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅកម្ពុជាមានអ្នកឆ្លងវីរុសកូវីដ-១៩ មានចំនួនសរុប២៩០នាក់ (ស្ត្រី ៥៩នាក់ និងបុរស ២៣១នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៨៣នាក់ និង អ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន០៧នាក់៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close