ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ៦៥​ក្បាលដី ក្នុង​សង្កាត់​ស្លក្រាម ចែកជូន​ដល់​ម្ចាស់ នៅ​ព្រឹក​មិញ​នេះ​

​ខេត្តសៀមរាប​៖ កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០​នេះ រដ្ឋបាល​ខេត្តសៀមរាប បានរៀបចំ​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ចំនួន​៦៥​ក្បាលដី ដែលមាន​ទីតាំង​នៅក្នុង​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ជូន​ដល់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​កម្មសិទ្ធិ ក្រោម​អធិបតីភាព​លោក លី សំរិទ្ធ អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប ។​

​លោក លី សំរិទ្ធ អភិបាលរង​ខេត្ត បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី និង​អ្នកកាន់កាប់​ដី​ទាំងអស់ ដែល​ទទួលបាន​នូវ​ប័ណ្ណកម្មសិទ្ធិ ដើម្បី​បាន​ប្រើប្រាស់​តាមផ្លូវ​ច្បាប់ ក្នុង​ដំណោះស្រាយ​បញ្ហា​កង្វះខាត ឬ​ដើម្បី​មុខរបរ ធ្វើ​អាជីវកម្ម​ផ្សេងៗ លើកស្ទួយ​ជីវភាព​ប្រចាំថ្ងៃ​ក្នុង​គ្រួសារ និង​បាន​រក្សា​ទុកជា​ឯកសារ​សំអាង​ក្នុង​ទំនាស់​ដីធ្លី ខណៈដែល​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នេះ ពិតជា​ត្រូវបាន​អនុវត្តតាម​នីតិវិធី និង​បច្ចេកវិទ្យា​ទំនើប មាន​តម្លាភាព និង​ការទទួលខុសត្រូវ​ដែល​ប្រទេស​ជឿនលឿន​លើ​ពិភពលោក​កំពុង​អនុវត្ត និង​មាន​ប្រសិទ្ធភាព​លើ​ការគ្រប់គ្រង​ដីធ្លី ដូច្នេះ​សូម​បងប្អូន​ទាំងអស់ ត្រូវ​ថែរក្សា​ប័ណ្ណកម្មសិទ្ធិ​ឲ្យ​បាន​គង់វង្ស​ល្អ កុំ​ឲ្យ​មានការ​បាត់បង់ ឬ​ខូចខាត​សោះឡើយ ។​

​លោក លី សំរិទ្ធ មានប្រសាសន៍​ទៀតថា ទម្រាំ​ទទួលបាន​នូវ​លទ្ធផល​ក្នុងថ្ងៃនេះ គឺ​បាន​ឆ្លងកាត់​ជា​ដំណាក់កាល​ច្រើន​ឆ្នាំ​មកហើយ ហើយ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ គឺ​សមស្រប​បំផុត​ដែល​បានកំណត់​នៅក្នុង​គោលនយោបាយ​ដីធ្លី​របស់​រាជរដ្ឋាភិបាល ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ និង​កាត់បន្ថយ​បញ្ហា​ទំនាស់​ដីធ្លី​នៅក្នុង​សង្គម ប៉ុន្តែ​ប្រការ​សំខាន់​នោះ​គឺ អ្វីៗ​ដែល​កើតមានឡើង​នៅថ្ងៃនេះ ក៏​ដោយសារ​ប្រទេសជាតិ​មាន​សុខសន្តិភាព ដូច្នេះ​យើងទាំងអស់គ្នា ត្រូវ​រួមគ្នា​ថែរក្សា​សុខសន្តិភាព ឲ្យ​ស្ថិតស្ថេរ​ជា​រៀងរហូត អរគុណ​សន្តិភាព ។​

​សូមបញ្ជាក់ថា យោងតាម​របាយការណ៍​របស់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ប័ណ្ណកម្មសិទ្ធិ​ដែល​ត្រូវ​ប្រកាស​ចែកជូន​ម្ចាស់​ដី​នៅ​ភូមិ​ធ្លក​អណ្តូង​មាន​ចំនួន​៦៥​ក្បាលដី​នាពេលនេះ ត្រូវបាន​គណៈ​កម្ម​រដ្ឋបាលខេត្ត​ប្រជុំ​ពិនិត្យ​ដោះស្រាយ និង​បាន​ស្នើសុំ​គោលការណ៍​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​កម្មសិទ្ធិករ​រួចរាល់ ជាមួយនឹង​ការបដិសេធ​ទៅ​ម្ចាស់​បណ្តឹង​ផងដែរ និង​នៅមាន​ចំនួន​១០៣​ក្បាលដី​ទៀត ដែល​បាន​ពិនិត្យឃើញថា ពុំទាន់​អាច​ចេញ​ប័ណ្ណកម្មសិទ្ធិ​បាន​នៅឡើយ ដោយសារ​នៅជាប់​នឹង​ទំនាស់ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close