ព្យុះ​លេខ​៩ ដែលជា​ព្យុះ​ខ្លាំង​បំផុត​បាន​ចូលដល់​ដីគោក​ភាគ​កណ្តាល វៀតណាម​ហើយ​

​ព្យុះ​លេខ​៩ ដែលមាន​ឈ្មោះ​បរទេស ថា​Molave បាន​ចូលដល់​ដីគោក​ស្ថិតនៅ​តំបន់​ភាគ​កណ្តាល​នៃ​ប្រទេស​វៀតណាម ហើយ ។ ពេលនេះ​មាន​មនុស្ស​ម្នាក់​ស្លាប់​និង​១២​នាក់​បាត់​ខ្លួន​ដោយ​ព្យុះ​Molave​។​

​ព្យុះ​ទី​ហ្វុ​ង ម៉ូ​ឡាវ (Molave) ដែល​បាននិងកំពុង​បោកបក់​ភាគ​កណ្តាល​ប្រទេស​វៀតណាម នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៨ ខែតុលា ឆ្នាំ​២០២០​នេះ​បាន​ផ្តាច់ជីវិត​មនុស្ស​ម្នាក់ ខណៈ​អ្នកនេសាទ ១២​នាក់​ទៀត​កំពុង​បាត់​ខ្លួន ខណៈ​ឥទ្ធិពល​នៃ​ព្យុះ​កំណាច​នេះ​ត្រូវបាន​គេ​គណនា​ថា ខ្លាំងក្លា​បំផុត​មិន​ធ្លាប់មាន​នោះឡើយ​នៅ​វៀតណាម ក្នុង​រយៈពេល ២០​ឆ្នាំ​កន្លងទៅនេះ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ CNA ដកស្រង់​ចេញពី​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​វៀតណាម VNA​។​

​អាជ្ញាធរ​វៀតណាម​បាន​ឲ្យ​ដឹង​ទៀតថា មនុស្ស​ម្នាក់​ដែល​បាន​បាត់​បង់ជីវិត​នោះ គឺជា​បុរស​តែ​ត្រូវបាន​ខ្យល់ព្យុះ​ល្បឿន ១៥០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង បោក​ទម្លាក់​ពីលើ​ដំបូលផ្ទះ​របស់ខ្លួន ស្ថិតនៅក្នុង​ខេត្ត ក្វាង​ង៉ៃ (Quang Ngai)​។ ដោយឡែក​ទូក​សង្គ្រោះ​ចំនួន​ពីរ​គ្រឿង ត្រូវបាន​អាជ្ញាធរ​វៀតណាម​បញ្ជា​ឲ្យ​ចេញ​ទៅរក ក្រុម​អ្នកនេសាទ​សរុប ១២​នាក់ ដែល​កំពុង​បាត់​ខ្លួន​នៅ​ដែនសមុទ្រ​នៃ​ខេត្ត ប៊ិ​ញ​ឌិ​ញ (Binh Dinh) នៅ​ថ្ងៃ​ពុធ​នេះ​។​

​គួរ​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃ​ពុធ​នេះ​មនុស្ស​សរុប​តែ ៤០,០០០​នាក់​ប៉ុណ្ណោះ ដែល​ត្រូវបាន​ជម្លៀស​ទៅកាន់​ទីជម្រក​សុវត្ថិភាព ស្ថិតនៅតាម​បណ្តា​ខេត្ត​ភាគ​កណ្តាល​វៀតណាម ខណៈ​អាជ្ញាធរ​គ្រោង​ជម្លៀស​មនុស្ស​រហូតដល់ ១.៣​លាន​នាក់​ឯណោះ​។ សាលារៀន និង​អគារ​រដ្ឋ​មួយចំនួន បានក្លាយ​ជាទី​ជម្រក​ប​ណ្តោះ​អាសន្ន សម្រាប់​មនុស្សម្នា​ស្នាក់នៅ ដើម្បី​គេចចេញ​ពី​ព្យុះ​កំណាច Molave ខណៈ​ជើងហោះហើរ​យន្តហោះ​ជាង ២០០​ជើង​ត្រូវបាន​លុបចោល​។​

​ខេត្ត​ភាគ​កណ្តាល​វៀតណាម​ត្រូវបាន​គេ​មើលឃើញថា មិនទាន់​បានរៀបចំ​សណ្តាប់ធ្នាប់​ឡើងវិញ​រួចរាល់​នៅឡើយ​ទេ ក្រោយពី​បាន​រងគ្រោះ​ដោយ​ទឹកជំនន់ កាលពីដើម​ខែតុលា​នេះ ដែល​បានសម្លាប់​មនុស្ស ១៣៦​នាក់ និង​ជាង ២០​នាក់​ទៀត​បាត់​ខ្លួន ហើយ​ឥឡូវនេះ​ព្យុះ​កំណាច​ក៏​បាននិងកំពុង​បោកបក់​បន្ថែមទៀត ដោយ​វា​ត្រូវបាន​អាជ្ញាធរ​ព្រមាន​ថា នឹង​បង្ក​ជា​គ្រោះទឹកជំនន់ និង​ការ​រអិល​បាក់​ដី​ផងដែរ​៕


​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close