ព្យុះ Molave នៅ​វៀតណាម មាន​អ្នកស្លាប់​និង​បាត់​ខ្លួន​ជាង​៥០​នាក់​

​វៀតណាម​៖ សារព័ត៌មាន CNA នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែតុលា ឆ្នាំ​២០២០ បាន​ផ្សាយ​ថា កម្លាំង​ទាហាន​វៀតណាម​បាន​ខិតខំ​ជួយ​ដល់​ពលរដ្ឋ​ដោយមាន​ទាំង​គ្រឿងចក្រ​ធំៗ ដើម្បី​ចេញ​ប្រតិបត្តិការ​ជួយសង្គ្រោះ មនុស្ស​ពី​គ្រោះទឹកជំនន់ និង​ការ​រអិល​បាក់​ដី ដែល​បង្កឡើង​ដោយ​ព្យុះ​ទី​ហ្វុ​ង​កំណាច ម៉ូ​ឡាវ (Molave) ដែល​បាន​បោកបក់​មកលើ​ភាគ​កណ្តាល នៃ​ប្រទេស​អាស៊ាន​មួយ​នេះ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ និង​ជា​ព្យុះ​ដ៏​អាក្រក់​ដែល​មិន​ធ្លាប់​កើតមាន ២០​ឆ្នាំ​មកហើយ​។​

​បើតាម​ប្រភពពី​អាជ្ញាធរ​វៀតណាម មនុស្ស ១៣​នាក់​បាន​ស្លាប់ និង ៤០​នាក់​កំពុង​បាត់​ខ្លួន នៅក្នុង​ករណី​បាក់​ដី​នៅក្នុង​ខេត្ត ក្វាង​ណា​ម (Quang Nam) កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ជា​ពេលដែល​ព្យុះ​ទី​ហ្វុ​ង Molave ចាប់ផ្តើម​បោកបក់ មកលើ​ដែនដី​ភាគ​កណ្តាល​វៀតណាម នៅក្នុង​លឿន​ខ្យល់ ១៥០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​បាន​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​យ៉ាងគំហុក ទៅលើ​តំបន់​ដែល​ធ្លាប់បាន​រងគ្រោះ​ទឹកជំនន់​ធ្ងន់ធ្ងរ​ម្តង​រួចមកហើយ កាលពី​អំឡុង​ដើមខែ​តុលា​ដដែល​នេះ​។​

​ជុំវិញ​គ្រោះមហន្តរាយ​ខាងលើនេះ លោក​ឧបនាយករដ្ឋមន្ត្រី​វៀតណាម ទ្រិ​ញ ឌិ​ញ​ដុង (Trinh Dinh Dung) បាន​លើកឡើងថា «​យើង​អាច​ព្យាករណ៍​អំពី​កម្លាំង​នៃ​ព្យុះ និង​កម្រិត​នៃ​ទឹកភ្លៀង តែ​យើង​មិនអាច​ព្យាករណ៍​អំពី​ការបាក់​ដី​បានឡើយ​»​។ ដី​បាក់​លាយឡំ​ទឹកភ្លៀង បាន​ក្លាយជា​ល្បាប់​ភ​ក់រហូរ​ចុះទៅ​លើផ្លូវ​ថ្នល់​មួយចំនួន ជាពិសេស​នៅក្នុង​ខេត្ត​ក្វាង​ណា​ម ដែល​បាន​ជំរុញ​ឲ្យ​កងកម្លាំង​សង្គ្រោះ​វៀតណាម ស្វះស្វែង​យក​គ្រឿងចក្រ​ដោះស្រាយ​បញ្ហា​ជាបន្ទាន់​។​

​គួរ​បញ្ជាក់ថា បើតាម​របាយការណ៍​ប​ឋ​ម​ពី​រដ្ឋាភិបាល​វៀតណាម ព្យុះ​ទី​ហ្វុ​ង Molave បាន​បង្ខំ​ឲ្យ​ប្រជាជន​ជាង ១​លាន​នាក់​ភៀសខ្លួន​, រាប់លាន​នាក់​គ្មាន​អគ្គិសនី​ប្រើប្រាស់ និង​ផ្ទះ​ប្រជាជន​ជាង ៥៦,០០០​ខ្នង​រង​ការបំផ្លាញ ឬ​ខូចខាត​។ ដោយឡែក​អ្នកនេសាទ​សរុប ២៦​នាក់​កំពុង​បន្ត​បាត់​ខ្លួន ក្រោយ​ទូក​នេសាទ​របស់​ពួកគេ​បាន​លិចទៅ​ក្នុង​សមុទ្រ ខណៈ​នាវា​កងទ័ពជើងទឹក​វៀ​ត​ណា​ម កំពុង​បន្ត​ការស្វែងរក​៕

 
​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close