ព្យុះសង្ឃរា Goni មាន​ល្បឿន​ខ្យល់​ដល់​ទៅ​២១៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​វាយប្រហារ​ហ្វីលីពីន​

​មន្ត្រី​ហ្វីលីពីន​បាន​ជម្លៀស​ពលរដ្ឋ​ជាង​១​លាន​នាក់ ទៅកាន់​តំបន់​សុវត្ថិភាព ដោយ​ព្យុះ​Goni វាយប្រហារ ដែលជា​ព្យុះ​ទ្រង់ទ្រាយ​ធំ​បំផុត ក្នុង​ឆ្នាំ​២០២០​។ ព្យុះ​Goni បាន​ចូលដល់​ហ្វីលីពីន​នៅ​ព្រឹក​ថ្ងៃទី​១​ខែវិច្ឆិកា ដោយមាន​ល្បឿន​ខ្យល់​ដល់​ទៅ ២១៥ គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​។​

​ព្យុះ​Goni បាន​ចូលដល់ ខេត្ត Catanduanes នៅ​ព្រឹក​ថ្ងៃទី​១​ខែវិច្ឆិកា ហើយ​ព្យុះ​នេះ​នឹង​ចាក​ចេញពី ហ្វីលីពីន​នៅ​ថ្ងៃទី​២​ខែវិច្ឆិកា ឆ្នាំ ២០២០​។ ពេល​ព្យុះ​ចូលដល់​ខេត្ត Catanduanes មាន​ល្បឿន​ខ្យល់​ដល់​ទៅ​២១៥ ឬ​២៦៥​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង មុនពេល ចូលទៅ​កាន់​កោះ Luzon​។​

​ទីភ្នាក់ងារ​ឧតុនិយម​ហ្វីលីពីន PAGASA បាន​ឲ្យ​ដឹងថា កំពូល​ព្យុះ​ទី​ហ្វុ​ង Goni បាន​បោកបក់​មក​ចំ​លើ​ក្រុង Bato ក្នុង​ខេត្ត Catanduanes នៅ​ភាគ​អាគ្នេយ៍​កោះ Luzon កាលពី​ខ្ទង់​វេលា​ម៉ោង​០៤៖៥០​នាទី​ទាបភ្លឺ​ថ្ងៃអាទិត្យ​នេះ ជាមួយ​កម្លាំង​ខ្យល់​ចន្លោះ​២២៥-២៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​កំពុង​ឆ្ពោះទៅ​ខាងលិច​ជាមួយ​ល្បឿន​២៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​អាជ្ញាធរ​ហ្វីលីពីន​បាន​ជម្លៀស​ខ្លួន​ប្រជាជន​ជាច្រើន​នាក់ ចេញពី​ទីតាំង​រង​ហា​នី​ភ័យ​ខ្ពស់​នៅ​តំបន់ Bicol ហើយ​ព្រលានយន្តហោះ​អន្តរជាតិ​នៅ​រដ្ឋធានី​ម៉ានីល នឹងត្រូវ​បិទ​រយៈពេល​២៤​ម៉ោង ចាប់ពី​ម៉ោង​១០៖០០​នាទី​ព្រឹក​ថ្ងៃអាទិត្យ​នេះ​។ ព្យុះ​ទី​ហ្វុ​ង Goni ដែលជា​ព្យុះ​ទី​ហ្វុ​ង​ទី​១៨ ដែល​វាយប្រហារ​ប្រទេស​ហ្វីលីពីន​ក្នុងឆ្នាំនេះ នឹង​ឆ្លងកាត់​ខេត្ត Quezon និង​តំបន់​ដទៃទៀត​ដែល​នៅ​ភាគខាងត្បូង​ទីក្រុង​ម៉ានីល មុនពេល​ចេញផុត​ទៅដល់​សមុទ្រ​ចិន​ខាងត្បូង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ស្អែក​។​

​កន្លងទៅ​ថ្មីៗ​នេះ ព្យុះ​ទី​ហ្វុ​ង Molave ទើបតែ​បាន​ផ្តាច់ជីវិត​មនុស្ស​២២​នាក់ និង​បង្ក​ការខូចខាត​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​និង​ផ្ទៃដី ដំណាំ​នៅ​ប្រទេស​ហ្វីលីពីន​។ ប្រទេស​អា​ស៉ី​អាគ្នេយ៍​មួយ តែងតែ​ទទួលរង​ការវាយប្រហារ​ជាប្រចាំ​ពី​សំណាក់​ព្យុះ​ទី​ហ្វុ​ង​និង​ព្យុះ​ត្រូពិច​ចាប់ពី ខែមិថុនា​រហូតដល់​ខែធ្នូ ជា​រៀងរាល់ឆ្នាំ ដោយ​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៣ ព្យុះ​ទី​ហ្វុ​ង​ដ៏​អាក្រក់​បំផុត​មួយ​គឺ Haiyan បានសម្លាប់​មនុស្ស​ដល់ ទៅ​ជាង​៧,០០០​នាក់​នៅ​ហ្វីលីពីន​៕

​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close