ថ្ងៃនេះ​! ក្រសួង ប្រកាស​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​១៩​ថ្មី ម្នាក់ទៀត លើ​ស្ត្រីជន​ជាតិខ្មែរ​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន បញ្ជាក់​ពី​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី​ចំនួន​០១​នាក់ និង​មិនមាន​ករណី​ជាសះស្បើយ​។​

​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី​នេះ ជា​ស្ត្រីជន​ជាតិខ្មែរ​អាយុ​៣១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ស្រុក​ចិត្ត​បុរី ខេត្តក្រចេះ បានធ្វើ​ដំណើរ​មកពី​ប្រទេស​ជប៉ុន បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០​។​

​លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​លើក​ទី​២ នៅ​ថ្ងៃទី​១៣​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់​បុគ្គល​នេះ គឺ​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​សូម​កត់សម្គាល់ថា តាម​ជើងហោះហើរ​ខាងលើនេះ មាន​បុរស​ជនជាតិ​ប៉ូឡូញ​ម្នាក់ បានធ្វើ​តេស្ត​លើក​ទី​១ ពេលមកដល់​កម្ពុជា​នោះ គឺ​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។ រីឯ​អ្នកដំណើរ​ចំនួន ២​នាក់ ដែលមាន​លទ្ធផល អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ នៅពេលនោះ ត្រូវបាន​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​សណ្ឋាគារ​ចំនួន ០៣​កន្លែង​នៅក្នុង​រាជធានី​ភ្នំពេញ (​ចំនួន​២៦​នាក់​) និង​នៅ​មណ្ឌល​ទ័ពអាកាស ចំនួន​២៦​នាក់ (​ដែល​នៅក្នុង​ចំនួន​នេះ មាន​ស្ត្រី​ដែល​រកឃើញ​មាន​វីរុស​កូ​វីដ​-១៩ ខាងលើ​នេះដែរ​)​។ ដូច្នេះ អ្នកដំណើរ​ដែល​នៅ​មណ្ឌល​ទ័ពអាកាស ទាំង​២៥​នាក់ ដែលមាន​ហានិភ័យ​ក្នុងការ​ចម្លង​បន្ត​ពី​ស្ត្រី​ខាងលើនេះ តម្រូវ​ឱ្យនៅ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន​១៤​ថ្ងៃ​បន្ថែមទៀត ដើម្បី​តាមដាន​សុខ​ភាពជា​បន្ត​។​

​សូមជម្រាបថា គិត​ត្រឹម​ម៉ោង​០៧៖០០​ព្រឹក​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ នៅ​កម្ពុជា​បាន​រកឃើញ​អ្នកមាន​វីរុស​កូ​វីដ​-១៩ មាន​ចំនួន​សរុប​២៩២​នាក់ (​ស្រី្ត ៦០​នាក់ និង​បុរស ២៣២​នាក់​) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ សរុប​ទូទាំងប្រទេស មាន​ចំនួន​២៨៣​នាក់ (​ស្រី​៥៧​នាក់ និង​បុរស​២២៦​នាក់​) និង​អ្នក​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ចំនួន​០៩​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close