ឃាត់ខ្លួនមន្ត្រីយោធាម្នាក់ រកឃើញគ្រឿងញៀនជាង ២គីឡូក្រាម និងកាំភ្លើង ២ដើម នៅខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ កម្លាំងនគរបាលខេត្តស្ទឹងត្រែង បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន កាលពីយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០កន្លងទៅ នៅចំណុចអាហារដ្ឋានម្លប់ត្នោត ស្ថិតក្នុងភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ឃាត់ខ្លួនមន្ត្រីយោធាម្នាក់ផងដែរ។
នគរបាលជំនាញ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ុក ដំកើង ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា មានទីលំនៅបច្ចុប្បន្ន ភូមិសំរោង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ក្នុងប្រតិបត្តិការនោះ បានចាប់យកវត្ថុតាងថ្នាំញៀនប្រភេទកេតាមីនក្រាមពណ៌សថ្លា (KETAMINE) ចំនួន ២កញ្ចប់ធំ ទម្ងន់២០០២,១ក្រាម, រថយន្តចំនួន ០១គ្រឿង, ទូរស័ព្ទដៃចំនួន ០១គ្រឿង, កាំភ្លើង២ដើម និងគ្រាប់ ១២០គ្រាប់។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួន ដើម្បីរៀបចំ សំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។