១០​ខែ ឆ្នាំនេះ កម្ពុជា នាំចេញ​អង្ករ​ជាង ៥៣​ម៉ឺន​តោន មានការ​កើនឡើង​ជាង ១៧​ភាគរយ​

​ភ្នំពេញ​៖ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បញ្ជាក់ថា រយៈពេល​១០​ខែ ឆ្នាំ​២០២០ កម្ពុជា បាន​នាំ​អង្ករ​ចេញទៅ​ក្រៅប្រទេស បាន​ជាង​៥៣​ម៉ឺន​តោន កើនឡើង​ជាង ១៧​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៩​។​

​ឯកឧត្តម​រដ្ឋមន្ដ្រី បានបញ្ជាក់​ទៀតថា ក្នុង​រយៈពេល​១០​ខែ ដើមឆ្នាំ​២០២០ សម្រេចបាន ៥៣៦,៣០៥​តោន រួមមាន​៖ អង្ករ​ក្រអូប​គ្រប់​ប្រភេទ​មាន​ចំនួន ៤២១,១៣២​តោន​, អង្ក​រស​ចម្រុះ​គ្រប់​ប្រភេទ​មាន​ចំនួន ១០៩,០១២​តោន និង​អង្ករ​ចំ​ហ៊ុយ​មាន​ចំនួន ៦,១៣៨ តោន​។ ការនាំចេញ​អង្ករ​នេះ គឺមាន​ការកើនឡើង​ប្រមាណ ៧៨,៣៦៥​តោន ស្មើនឹង​១៧.១១% ដែល​ធៀប​ទៅនឹង​រយៈពេល​១០​ខែ​ដើមឆ្នាំ​២០១៩ មាន​ចំនួន ៤៥៧,៩៤០​តោន​។​

​សូមជម្រាបថា ប្រទេស​ដែល​បាន​បញ្ជា​ទិញ​អង្ករ​ពី​កម្ពុជា មាន​ចំនួន​៦០​ប្រទេស ក្នុងនោះ​សហភាព​អ៊ឺរ៉ុប​មាន​ប្រទេស​ចំនួន​២៤ ក្នុងចំណោម​២៨​ប្រទេស​, ប្រទេស​ចិន​, ប្រទេស​សមាជិក​អាស៊ាន ចំនួន​៦ និង​នៅ​ទ្វិបដ​ទៃទៀត​ចំនួន ២៩​ប្រទេស​។ ទន្ទឹមនឹងនេះ​ក៏មាន​ក្រុមហ៊ុន​ចំនួន​១០ ក្នុងចំណោម​៧២​ក្រុមហ៊ុន ដែល​បាន​នាំចេញ​អង្ករ​ច្រើនជាងគេ​។​

​ដោយឡែក​ការនាំចេញ​ស្រូវ​ទៅតាម​បណ្តា​ច្រក នៃ​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម សម្រាប់​រយៈពេល​៩​ខែ ២៨​ថ្ងៃ ឆ្នាំ​២០២០ (​មកទល់​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០) មាន​បរិមាណ​សរុប​ចំនួន ១,៤២៧,២២៦​តោន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close