USAID និង IFAD ចាប់ដៃគ្នាជួយអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ជាមួយថវិកាជិត ១៦០លានដុល្លារ
ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) និង មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម (IFAD) បានចុះកិច្ចព្រមព្រៀងជាមួយគ្នាជួយអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។ តាមរយៈកិច្ចព្រមព្រៀងជាមួយថវិកាគម្រោងសរុបជិត ១៦០លានដុល្លារនេះ រំពឹងថា នឹងធ្វើឲ្យវិស័យកសិកម្មនៅកម្ពុជាបានប្រសើរឡើង។
អនុស្សរណៈយោគយល់គ្នាលើកិច្ចសហការការងារ និងការប្តេជ្ញា ដើម្បីគាំទ្រដល់ការធ្វើផែនការយុទ្ធសាស្ត្រវិស័យកសិកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា រវាង USAID និង IFAD បានធ្វើឡើងកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតអាមេរិកដែល Fresh News ទើបទទួលបាននៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
ស្ថានទូតអាមេរិក បានបញ្ជាក់ថា អនុស្សរណៈនេះ នឹងពិនិត្យលើការបង្កើន និងអនុម័តគោលនយោបាយ ដែលនឹងធ្វើឲ្យវិស័យកសិកម្មនៅកម្ពុជាបានប្រសើរឡើង ដែលជាផ្នែកសំខាន់មួយនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេស។ វាក៏នឹងជួយដល់ធុរៈកិច្ចទាំងអស់ ធ្វើការជាមួយគ្នាកាន់តែប្រសើរឡើង ចាប់ពីកសិករដល់អ្នកធ្វើជំនួញ និងដល់ម្ចាស់អាជីវកម្មក្នុងស្រុក ដើម្បីធ្វើឲ្យផលិតផលកសិកម្មកម្ពុជា អាចប្រកួតប្រជែងនៅក្នុងទីផ្សារក្នុងស្រុក និងទទួលបានតម្លៃខ្ពស់។
ស្ថានទូតអាមេរិកបញ្ជាក់ទៀតថា ទីភ្នាក់ងារ USAID និង IFAD នឹងចែករំលែកជំនាញ និងបទពិសោធន៍ដែលទទួលបានពីមនុស្ស និងអង្គការជាច្រើនចម្រុះគ្នា ដែលកំពុងធ្វើការលើវិស័យកសិកម្ម។ ជាចុងក្រោយអនុស្សរណៈនេះ នឹងជួយពង្រីកជំនាញអ្នកឯកទេស ដែលជាអ្នកជួយកសិករបង្កើនទិន្នផល ដោយកែលម្អវិធីសាស្ត្ររបស់ពួកគេ ដើម្បីបំពេញតម្រូវការនៃប្រព័ន្ធកសិកម្មប្រកួតប្រជែង ដែលកំពុងកើនឡើង។
លោកស្រីនាយិកាបេសកកម្មនៃទីភ្នាក់ងារ USAID នៅកម្ពុជា បានថ្លែងថា «វិស័យកសិកម្មដែលលូតលាស់ និងរស់រវើក គឺមានសារៈសំខាន់សម្រាប់ការរីកចម្រើននាពេលអនាគតរបស់ប្រទេសកម្ពុជា។ យើងសង្ឃឹមថា ដោយធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ USAID និង IFAD អាចជួយកសិករកម្ពុជា ក្នុងការរួមចំណែកដល់សេដ្ឋកិច្ចជាតិមានប្រសិទ្ធិភាពជាងមុន ស្របពេលពួកគេកំពុងជួយក្រុមគ្រួសារ និងសហគមន៍របស់ពួកគេ»។
តាមរយៈកម្មវិធីសន្តិសុខស្បៀងសម្រាប់អនាគតរបស់រដ្ឋាភិបាលអាមេរិក USAID មានគម្រោងបណ្តាក់ទុនប្រមាណជា ៤០លានដុល្លារអាមេរិក លើការអភិវឌ្ឍវិស័យកសិកម្មរបស់កម្ពុជានៅរយៈពេល ៥ឆ្នាំបន្ទាប់។ IFAD នឹងផ្តល់ជំនួយឥតសំណង និងប្រាក់កម្ចី ដើម្បីគាំទ្រដល់គម្រោងអភិវឌ្ឍន៍វិស័យកសិកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានទឹកប្រាក់សរុប ១១៨ លានដុល្លារអាមេរិកក្នុងរយៈពេល៥ឆ្នាំ។
លោក Benoit Thierry នាយកកម្មវិធី IFAD ប្រចាំតំបន់អាស៊ីបាស៊ីហ្វិក បានឲ្យដឹងថា «ជាងពីរទសវត្សរ៍មកហើយ ពួកយើងបានជួយប្រជាជនកម្ពុជាជនបទអោយរួចផុតពីភាពក្រីក្រ ដោយបង្កើនឱកាសក្នុងការកែលម្អការចិញ្ចឹមជីវិតរបស់ពួកគេ។ ការសម្របសម្រួល ការគាំទ្ររបស់យើងជាមួយដៃគូជាច្រើនដូចជា USAID នឹងក្លាយទៅជាការវិនិយោគ ដែលមានប្រសិទ្ធិភាព និងការចំណេញសំខាន់ជាងមុន សំរាប់វិស័យកសិកម្មរបស់កម្ពុជា ហើយពួកយើងកំពុងអំពាវនាវឱ្យ មានទីភ្នាក់ងារផ្សេងៗទៀតចូលរួមកិច្ចខិតខំប្រឹងប្រែងនេះ»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។