ប្រទះឃើញ​សព​ទារក​ម្នាក់ ត្រូវគេ​ដាក់ចូល​កេស​ក្រដាស យក​បោះចោល​លើ​ចិញ្ចើមផ្លូវ

​ភ្នំពេញ​៖ សព​ទារក​ម្នាក់ ដែល​គ្មាន​អ្នក​ស្គាល់​អត្តសញ្ញាណ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ ដាក់​ក្នុង​កេស​ក្រដាស យក​បោះចោល​នៅ​ចំនុច​លើ​ចិញ្ចើមផ្លូវ​ជាប់​របង​វិឡា​ល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ ផ្លូវ​លេខ​៧៤ ភូមិ​ទី​១៥ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​ប្រជាពលរដ្ឋ​ឈ្មោះ គង់ រដ្ឋា ភេទ​ស្រី ជនជាតិខ្មែរ បាន​ប្រាប់ថា នៅ​ថ្ងៃកើតហេតុ វេលា​ម៉ោង​ប្រហែល​១០​នឹង​៣០​នាទី គាត់​បានឃើញ​រថយន្ត​មួយគ្រឿង (​មិន​ស្គាល់​ម៉ាក និង​មិន​ច្បាស់​ពណ៌​) ឈប់​នៅ​ចំនុច​ខាងលើ ដោយមាន​មនុស្ស​ដើរ​ចុះឡើង​។ លុះ​ពេល​រថយន្ត​ចេញ​ទៅបាន​មួយសន្ទុះ​ស្រាប់តែ​ឃើញ​កេស​ក្រដាស​រាង​បួន​ជ្រុង ហើយ​ឃើញ​ក្មេងៗ​ដើរកាត់​យក​ជើង​ទាត់​រួច​នាំគ្នា​ដើរ​ហួស ដោយ​មិន​អស់ចិត្ត គាត់​និង​អ្នក​បោស​សំរាម​ទៅ​បើក​កេស​ក្រដាស​នឹង​មើល​ក៏​ឃើញ​សព​កូនក្មេង​ទើបនឹង​កើត​រុំ​និង​ក្រមារ​ពណ៌​ក្រហម​នៅក្នុង​កេស​នោះ រួច​រាយការណ៍​ប្រាប់​សមត្ថកិច្ច​តែម្តង​។​

​តាម​ការពិនិត្យ​ការិយាល័យ ជំនាញ​បច្ចេកទេស បាន​បញ្ជាក់ថា ស្លាប់​ដោយ​អត់​អាហារ​។ ក្រោយពី​បញ្ចប់​ការពិនិត្យ ខាង​ជំនាញ បច្ចេកទេស បានប្រគល់​សព​អោយ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​វត្តភ្នំ​ដើម្បី​ចាត់ចែង​បន្ត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close