រដ្ឋសភា​ប្រជុំពិភាក្សា អនុម័ត​សេចក្តីព្រាងច្បាប់ ចំនួន​៦

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​អញ្ជើញ​ដឹកនាំ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៦ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០ ដើម្បី​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ចំនួន​៦​។​

​សេចក្តីព្រាងច្បាប់​ដែល​រដ្ឋសភា​លើក​យកមក​ពិភាក្សា អនុម័ត​នាពេលនេះ​នឹង​ក្លាយជា​ច្បាប់​សម្រាប់​រាជរដ្ឋាភិបាល​យកទៅអនុវត្ត​ក្នុង​ការដឹកនាំ​ប្រទេសជាតិ ទាំង​កិច្ចការ​ក្នុងប្រទេស​និង​ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេសជិតខាង ប្រទេស​ជា​មិត្ត​ក្នុង​តំបន់ និង​សកលលោក លើ​ការងារ​កិច្ចការ​ព្រំដែន ពាណិជ្ជកម្ម និង​សន្តិសុខ ជាដើម​។​

​សេចក្តីព្រាងច្បាប់​ទាំងនោះ​មាន​៖

១-​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

២-​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​ស្តីពី ការហាមឃាត់​អាវុធ​នុយក្លេអ៊ែរ​។​

៣-​ការពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ទីមួយ ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង ស្តីពី​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ រវាង​រដ្ឋ​ជា​សមាជិក សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​ជប៉ុន​។​

៤-​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ អនុវត្ត​កញ្ចប់​សន្យា​ទី​១០ ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន​ស្តីពី​សេវាកម្ម​។​

៥-​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង ស្តីពី​ការវិនិយោគ​ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ ស្តីពី​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ទូលំទូលាយ រវាង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​សាធារណរដ្ឋ​ឥណ្ឌា​។​

៦-​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង ស្តីពី​ការវិនិយោគ​រវាង​បណ្តា​រដ្ឋ​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​- អាគ្នេយ៍ និង​រដ្ឋាភិបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close