បោះឆ្នោត​ប្រធានាធិបតី​អាមេរិក បេក្ខភាព​ទាំងពីរ មានសង្ឃឹម​យកឈ្នះ​រៀងៗ​ខ្លួន​

ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី ៣​ខែវិច្ឆិកា ហើយ​ពេលនេះ​បេក្ខភាព ប្រធានាធិបតី​ទាំងពីរ​រូប​គឺ ចូ​បៃ​ឌិន និង ដូ​ណា​ល់ ត្រាំ បង្ហាញ​ពី​ក្តីសង្ឃឹម​រៀងៗ​ខ្លួន ថា​នឹង​យកឈ្នះ​ក្នុងការ​បោះឆ្នោត​ខាងមុខនេះ​។​

​នៅពេលនេះ ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ កំពុង​ត្រៀមខ្លួន​ទុកជាមុន ដើម្បី​ប្រកាស​ពី​ជ័យជម្នះ​នៅក្នុង​ការបោះឆ្នោត ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​អង្គារ ទី​០៣ ខែវិច្ឆិកា​នេះ (​ត្រូវ​នឹង​ថ្ងៃ​ពុធ ទី​០៤ ខែវិច្ឆិកា ពេលវេលា​នៅ​ភ្នំពេញ​) ប្រសិនបើ​លោក​ឈ្នះ​លោក ចូ បៃ​ដិ​ន​។​

​សារព័ត៌មាន Axios ដោយ​ផ្អែកលើ​កិច្ចសន្ទនា​ឯកជន​ពី​ប្រភព​ចំនួន ០៣ ស្និទ្ធ​នឹង​លោក ត្រាំ បានឱ្យដឹង​ទៀតថា លោក ត្រាំ បាន​ប្រាប់​ក្រុមមនុស្ស​ជំនិត​របស់លោក​ថា លោក​មានបំណង​ប្រកាស​ពី​ជ័យជម្នះ​ទុកជាមុន បើទោះជា​លទ្ធផល​នៃ​អ្នកបោះឆ្នោត​តំណាង​មួយចំនួនធំ មិនទាន់បាន​រាប់​នៅតាម​រដ្ឋ​សំខាន់ៗ​ដូចជា​រដ្ឋ ភែ​ន​ស៊ី​ល​វេ​នៀ (Pennsylvania) ក៏ដោយ​។​

​សារព័ត៌មាន​អាមេរិក​មួយ​នេះ​បាន​បន្ថែមទៀតថា ដើម្បី​អាច​ធ្វើដូច្នេះបាន លោក ត្រាំ ត្រូវ​ចាំបាច់​ត្រូវតែ​ឈ្នះ ឬ​នាំមុខ លោក ចូ បៃ​ដិ​ន នៅក្នុង​រដ្ឋ អូ​ហៃ​យ៉ូ (Ohio), ផ្ល័​រ​រី​ដា (Florida), ណត​ស៍ ខា​រ៉ូ​លី​ណា (North Carolina), តិច​សាស់ (Texas), អ៉ី​យ៉ូ​វ៉ា (Iowa), អា​រី​ហ្សូ​ណា (Arizona) និង​រដ្ឋ ចរ​ជា (Georgia) ខណៈ​រដ្ឋ​ទាំងនេះ​ភាគច្រើន​គឺ​លោក បៃ​ដិ​ន កំពុង​នាំមុខ​នៅក្នុង​ការស្ទង់មតិ​កន្ល​ង​ទៅនេះ​។

​ទោះជា​យ៉ាងនេះ​ក្ដី នៅពេល​ត្រូវបាន​សារព័ត៌មាន Axios សាកសួរ​ពី​បញ្ហា​នេះ ប្រធាន​ទំនាក់ទំនង​នៃ​ក្រុម​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់លោក ត្រាំ គឺ​លោក ធី​ម មើ​ថ​ច (Tim Murtaugh) បាន​និយាយថា វា​គ្មានអ្វី​គួរឱ្យ​បារម្ភ​នោះទេ ប៉ុន្តែ​មនុស្ស​មួយចំនួន​កំពុង​បង្ក​ភាព​សង្ស័យ អំពី​ជ័យជម្នះ​របស់លោក ត្រាំ តែប៉ុណ្ណោះ​។​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close