ឯកឧត្តម វេង សាខុន អញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម
ភ្នំពេញ៖ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម (Royal University of Agriculture, RUA) ដែលនឹងត្រូវចេញដំណើរទៅធ្វើកម្មសិក្សារយ: ពេល ១១ខែ សម្រាប់ឆ្នាំសិក្សា២០២០ -២០២១ ជំនាន់ទី១៣ នៅប្រទេសអ៊ីស្រាអែល។
ចំពោះសមិទ្ធផលនាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ RUA ដែលបាននិងកំពុងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយក្រុមហ៊ុន Agrostudie ក្នុងការផ្តល់ឱកាសឲ្យនិស្សិតឆ្នាំទី៣ បានទៅចូលរួមធ្វើកម្មសិក្សានៅប្រទេសអ៊ីស្រាអែលដើម្បីដកស្រង់ ផ្លាស់ប្តូរបទពិសោធន៍ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងក្នុងបន្ទប់សិក្សា ក្នុងមន្ទីរពិសោធន៍ និងនៅចំការផ្ទាល់។
លទ្ធផលជាផ្លែផ្កានេះ ទាំង RUA ក៏ដូចជាក្រសួងសូមធ្វើការវាយតម្លៃខ្ពស់ជូនចំពោះភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសរដ្ឋាភិបាលអ៊ីស្រាអែលតាមរយ:ក្រុមហ៊ុន Agrostudies ដែលតែងតែយកចិត្តទុកដាក់ គាំទ្រ និងផ្តល់ឱកាសឲ្យដល់និស្សិតយើងទៅធ្វើកម្មសិក្សារៀងរាល់ឆ្នាំ ហើយដែលចំនួននិស្សិតមានការកើនឡើងជាបន្តបន្ទាប់ពីចំនួន ៨នាក់ នៅឆ្នាំ២០០៨ ហើយសម្រាប់ឆ្នាំ២០២០ នេះមានចំនួន ១៩៩នាក់។
មានមតិសំណេះសំណាលបន្ត ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវទស្សនផ្ទាល់ខ្លួនថានៅប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យកសិកម្មមានការវិវឌ្ឍន៍រីកចម្រើនគួរឲ្យកត់សម្គាល់ ហើយការរីកចម្រើននេះគឺស្របទៅតាមបរិបទនៃកំណើនសេដ្ឋកិច្ច កំណើនប្រជាជន និន្នាការនៃសេចក្តីត្រូវការផលិតផលកសិកម្មប្រកបដោយដោយបរិមាណ និងគុណភាពនៅលើទីផ្សារទាំងក្នុងស្រុក និងក្រៅប្រទេស។
ជាក់ស្តែង វិស័យផលិតកម្មបន្លែកសិករចាប់ផ្តើមដាំក្នុងផ្ទះសំណាញ់ ឈប់រែកទឹកស្រោចបន្លែ ប្រើប្រព័ន្ធដំណក់ ឬសាចស្រោចបន្លែជំនួស ឈប់ប្រើចបកាប់ដី តែប្រើគ្រឿងចក្រ ការប្រើពូជ ជី និងថ្នាំពុលកសិកម្មស្ថិតក្នុងលក្ខណបច្ចេកទេស និងក្នុងកម្រិតសុវត្ថិភាពទាំងផលិតផល សុខភាពអ្នកផលិត អ្នកបរិភោគ និងក្សេត្របរិស្ដាន ប្រើប្រាស់ប្រព័ន្ធ GAP ដើម្បីវាយតម្លៃលើគុណភាពផលិត មានការចងក្រងបណ្តុំផលិត ជាសហគមន៍ និងអនុវត្តតាមផលិតកម្មកសិកម្មតាមកិច្ច សន្យា។ល។
ផ្ទុយទៅវិញ យើងក៏ទទួលស្គាល់ថា វិស័យមួយនេះក៏នៅមានបញ្ហាប្រឈមជាច្រើនដែលចាំបាច់ឲ្យគ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះក៏មាននិស្សិតទាំង ១៩៩នាក់ បន្ទាប់ពីបញ្ចប់កម្ម សិក្សា ត្រូវរួមគ្នាគិតគូដោះ ស្រាយឲ្យបានសមស្រប ទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីឈានឆ្ពោះទៅធ្វើការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាជាជំហានៗប្រកបដោយចីរភាព និរន្តរភាព កសិកម្មទំនើប មានលក្ខណប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រប្រួលអាកាសធាតុ និងនរវានុវត្តន៍ និងជាពិសេសដើម្បីចូលរួមចំណែកជាកំលាំងចលករក្នុងការទ្រទ្រង់ខឿនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ និងបន្តចូលរួមសម្រេចមហិច្ឆិតារបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង ២០៥០។
ឯកឧត្តម បានបញ្ជាក់ប្រាប់និស្សិតថា កម្ពុជាអាចដើរដល់គោលដៅនោះបាន ដ៏រាបណាយើងមានធនធានមនុស្សផ្នែកវិស័យកសិកម្មពោរពេលដោយសក្តានុពលទាំងចំណេះជំនាញ បទពិសោធន៍ ប្រកាន់ខ្ជាប់នូវក្បួន ច្បាប់ វិន័យ និងក្រមសីលធម៌វិជ្ជាជីវ: ហើយពិតណាស់វាមិនអាចកើតឡើងដោយចៃដន្យបានទេ ល្គឹកណាក្មួយៗនិស្សិតគ្រប់រូបឆ្លៀតយកឱកាសដ៏ល្អនេះ ត្រូវខិតខំព្យាយាម តស៊ូអំណត់អត់ធន់ដើម្បីអភិវឌ្ឍ និងកសាងខ្លួនឯងឲ្យក្លាយជានិស្សិតឆ្នើម បុគ្គលល្អ ឬពលរដ្ឋមានតម្លៃ រួចបំពេញប្រយោជន៍ឲ្យខ្លួនឯង ជាពិសេសសង្គមជាតិក្រោយពីត្រឡប់មកមាតុភូមិវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។