ឯកឧត្តម គួច ចំរើន ចុះពិនិត្យការដ្ឋានសំណង់អាគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រ
ខេត្តព្រះសីហនុ៖ កាលពីរសៀល ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសំណង់អគារមន្ទីរពិសោធន៍ខេត្ត ដែលមានទីតាំងស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្ដមអភិបាលខេត្ត បានអោយដឹងថា សំណង់អគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រខេត្តព្រះសីហនុ ដែលកំពុងសាងសង់នេះគឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ដល់មន្ទីរពេទ្យបង្អែកខេត្ត សំរាប់បំរើដល់ភាពចាំបាច់របស់ប្រជាពលរដ្ឋ។
ដោយឡែកម៉ាស៊ីនពិនិត្យវិភាគ និងបរិក្ខារបំពាក់ផ្សេងៗ គឺទទួលការឧបត្ថម្ភពីរដ្ឋាភិបាលចិន និងអង្គការ Global Fund តាមរយៈក្រសួងសុខាភិបាលកម្ពុជាហើយក្រោយពីការសាងសង់អាគារមន្ទីរ ពិសោធន៍នេះរួចរាល់ជាស្ថាពរ នឹងជួយសម្រួលក្នុងការពិនិត្យ វិភាគជំងឺទូទៅ ពិសេសជំងឺឆ្លងដូចជាជំងឺកូវីដ-១៩ ជាដើម។
ជាមួយគ្នានេះឯកឧត្ដមគួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានបន្តចុះពិនិត្យទីតាំងមួយនចំនួនទៀតក្នុងបរិវេណមន្ទីរ ពេទ្យបង្អែកខេត្ត និងបានណែនាំឱ្យប្រធានមន្ទីរពេទ្យបង្អែកខេត្តពង្រឹងបន្ថែមការថែរក្សាអនាម័យ បរិស្ថានស្អាតជានិច្ច ដើម្បីផ្តល់នូវបរិយាកាសល្អ ប្រកបដោយផាសុខភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកជំងឺដែលមកទទួលសេវាព្យាបាលក្នុងមន្ទីរពេទ្យខេត្តព្រះសីហនុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។