គ្រោះទឹកជំនន់ ឆ្នាំ២០២០នេះ ប៉ះពាល់ដំណាំស្រូវប្រមាណ ២៨ម៉ឺនហិកតា និងដំណាំផ្សេងៗប្រមាណជាង ៧ម៉ឺនហិកតាត្រូវជន់លិច
ខេត្តត្បូងឃ្មុំ៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ បានដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ចុះពិនិត្យជាក់ស្ដែងស្ថានភាពដំណាំស្រូវប្រជាពលរដ្ឋដែលបានរងផលប៉ះពាល់ និងខូចខាតដោយទឹកជំនន់ ស្ថិតនៅឃុំចំនួន៣ គឺឃុំអំពិលតាពក ឃុំមៀន និងឃុំព្រះធាតុ នៃស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ឯកឧត្តម អ៊ាង សុផល្លែត មានប្រសាសន៍ថា ការចុះពិនិត្យស្ថានភាពជីវភាព និងដំណាំស្រូវប្រជាពលរដ្ឋនៅពេលនេះ មានគោលបំណងដើម្បីក្រុមការងារនឹងពិនិត្យទំហំខូចខាតដំណាំ និងស្វែងយល់ពីតម្រូវការជាក់ស្តែង និងបន្ទាន់របស់ប្រជាពលរដ្ឋ (ប្រភេទពូជស្រូវដែលគាត់ត្រូវការ) ដើម្បីដំណោះស្រាយ និងអន្តរាគមន៍ឱ្យទាន់ពេលវេលា។
សូមបញ្ជាក់ថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងក្នុងរបាយការណ៍របស់ខ្លួនថា គ្រោះទឹកជំនន់ ក្នុងឆ្នាំ២០២០នេះ រាជធានី-ខេត្តចំនួន២០ ដែលរងប៉ះពាល់ដោយទឹកជំនន់ រួមមាន៖ ភ្នំពេញ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ កណ្ដាល ព្រះសីហនុ កំពង់ធំ ស្ទឹងត្រែង កំពង់ស្ពឺ តាកែវ ព្រះវិហារ សៀមរាប ឧត្តរមានជ័យ ស្វាយរៀង មណ្ឌលគីរី កំពង់ឆ្នាំង កោះកុង ត្បូងឃ្មុំ និងកំពង់ចាម។ ក្នុងនោះខេត្តប្រជាពលរដ្ឋប្រមាណជិត ៦០ម៉ឺននាក់ ធ្វើឲ្យដំណាំស្រូវប្រមាណ ២៨ម៉ឺនហិកតានិងដំណាំផ្សេងៗប្រមាណជាង ៧ម៉ឺនហិកតាត្រូវជន់លិច និងមនុស្ស ៤៤នាក់បានបាត់បង់ជីវិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។