ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាស១គ្រឿងទៀត ត្រូវបានប្រគល់ជូនមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុង ពិធីប្រគល់-ទទួលម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាស-WATERGEN (ប្រភេទ GEN-M) ដែល ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនមន្ទីរពេទ្យមិត្តភាពខ្មែ-សូវៀត ដោយមានការអញ្ជើញចូលរួមពី មន្ត្រីជាន់ខ្ពស់ក្រសួង លោកសាស្ត្រាចារ្យ ងី ម៉ែង នាយកមន្ទីរពេទ្យខ្មែរ-សូវៀត និងបុគ្គលិក មន្ត្រីរាជការ ក្រោមឱវាទមន្ទីរពេទ្យផងដែរ។
ថ្លែងក្នុងពិធីប្រគល់-ទទួលនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីលក្ខណៈពិសេស ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាសធម្មជាតិ-WATERGEN (ប្រភេទ GEN-M) ជាបច្ចេកវិទ្យា មកពីប្រទេសអ៊ីស្រាអែល មានសមត្ថភាពអាចផលិតទឹកបរិសុទ្ធដោយស្វ័យប្រវត្តិពីខ្យល់ក្នុងបរិយាកាស បានប្រមាណ៨០០លីត្រក្នុងមួយថ្ងៃ ដោយមិនចាំបាច់តភ្ជាប់ជាមួយប្រភពទឹកទុយោ និងអាចផ្គត់ផ្គង់ទឹក ប្រកបដោយគុណភាព សុវត្ថិភាពខ្ពស់ និងកាត់បន្ថយផលប៉ះពាល់បរិស្ថានផ្សេងៗថែមទៀតផង។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានឱ្យដឹងថា ឯកឧត្តម និងក្រុមគ្រួសារ នឹងផ្ដល់ជូន ម៉ាស៊ីនAuto Sound ចំនួនពីរគ្រឿងដែលម៉ាស៊ីននេះ អាចតភ្ជាប់ជាមួយនឹងទូរស័ព្ទដៃ Iphone ប្រើ សម្រាប់ពិនិត្យព្យាបាលអ្នកជំងឺ ដើម្បីសម្រួលដល់ការបំពេញភារកិច្ចពិនិត្យព្យាបាលរបស់លោកគ្រូអ្នកគ្រូ នៅក្នុងមន្ទីរពេទ្យ ហើយដោយឡែក ក្រុមហ៊ុនSCI Company Limited ដែលជាក្រុមហ៊ុននាំចូល និង ចែកចាយម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាសនេះ បានផ្ដល់ថវិកាចំនួនមួយម៉ឺនដុល្លារអាមេរិកជូន ដល់មន្ទីរពេទ្យបន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។