លទ្ធផល​ស្ទង​មតិ​លោក​បៃ​ដិ​ន នៅតែ​បន្ត​យកឈ្នះ​លោក​ត្រាំ ខណៈ​ការបោះឆ្នោត​ជិត​មកដល់​

​សារព័ត៌មាន CNA នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ផ្សាយ​ថា បេក្ខជន​ប្រធានាធិបតី​តំណាងឱ្យ​គណបក្ស​ប្រជាធិបតេយ្យ លោក ចូ បៃ​ដិ​ន នៅតែ​បន្ត​នាំមុខ​លោក ដូ​ណា​ល់ ត្រាំ ទាំង​នៅក្នុង​ការស្ទង់មតិ​ថ្នាក់ជាតិ និង​រដ្ឋ​គោលៗ (Swing States) មួយចំនួនធំ មុននឹង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០២០ នៅ​ថ្ងៃទី​០៣ ខែវិច្ឆិកា​នេះ (​ម៉ោង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​)​។ ទោះជា​បែបនេះ​ក្តី លោក ដូ​ណា​ល់ ត្រាំ នៅតែ​ជឿថា​ការស្ទង់មតិ​នេះ​គឺ «​ក្លែងក្លាយ​» ហើយ​លោក​នឹង​ជាប់ឆ្នោត​មួយ​អាណត្តិ​ទៀត​។​

​បើតាម​ការស្ទង់មតិ​ថ្នាក់ជាតិ​ថ្មី​មួយទៀត ធ្វើឡើង​ដោយ​ស្ថាប័ន រៀល​ក្លៀ​រ​ផូ​លី​ធី​កស៍ (RealClearPolitics) លោក បៃ​ដិ​ន នៅតែ​បន្ត​នាំមុខ​លោក ត្រាំ ៦.៨​ពិន្ទុ ឬ​ស្មើនឹង ៥០.៧​ភាគរយ ទល់នឹង ៤៣.៩​ភាគរយ ខណៈ​ការស្ទង់មតិ​របស់​គេហ​ទំព័រ ហ្វា​យ​សឺត​ធី​អេ​ច (FiveThirtyEight.com) បាន​បង្ហាញថា បុរស​វ័យ ៧៧​ឆ្នាំ​រូបនេះ​នាំមុខ​លោក ត្រាំ ដែលមាន​អាយុ ៧៤​ឆ្នាំ ដល់​ទៅ ៨.៤​ពិន្ទុ​ឯណោះ​។ ទោះជា​យ៉ាងណា ការបោះឆ្នោត​នៅ​សហរដ្ឋអាមេរិក មិនមែន​កំណត់​រក​អ្នកឈ្នះ ឬ​ចាញ់ ដោយ​សំឡេង​បោះឆ្នោត​ពី​ប្រជាជន​អាមេរិក​តែមួយ​មុខ​នោះទេ​។​

​លោក ត្រាំ ផ្ទាល់​ក៏បាន​អះអាង​ដែរ​ថា ការស្ទង់មតិ​នេះ​គឺ​ក្លែងក្លាយ ហើយ​លោក​នឹង​ជាប់ឆ្នោត​មួយ​អាណត្តិ​ទៀត ស្របពេល​លោក បៃ​ដិ​ន និយាយថា វា​ដល់ពេល​ហើយ ដែល​ត្រូវ​បញ្ចប់​ភាពចលាចល​នៃ​ការដឹកនាំ ០៤​ឆ្នាំ​មកនេះ​ក្រោម​រដ្ឋបាល​លោក ត្រាំ​។​

​គួរ​ជម្រាប​ថា ដើម្បី​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ឬ​លោក ចូ បៃ​ដិ​ន រក​សំឡេង​អ្នកបោះឆ្នោត​តំណាង ២៧០​រូប ក្នុងចំណោម​អ្នកបោះឆ្នោត​តំណាង​សរុប​ទាំង ៥៣៨​រូប​។ នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក ឆ្នាំ​២០២០​នេះ រដ្ឋ​ចម្បងៗ​ឬ​ហៅថា Swing States ចំនួន​០៨ ជាពិសេស​គឺ​រដ្ឋ​ផ្ល័​រ​រី​ដា (Florida) និង​រដ្ឋ​ភែ​ន​ស៊ី​ល​វេ​នៀ (Pennsylvania) ត្រូវបាន​គេ​ជឿជាក់ថា នឹង​ក្លាយជា​អ្នកកំណត់​អ្នកឈ្នះ​ចាញ់​រវាង​លោក ត្រាំ និង​លោក បៃ​ដិ​ន​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close