ចាប់ចិន៤នាក់ សង្ស័យបាញ់បោះ និងចាក់ជនជាតិចិនដូចគ្នា នៅក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ៖ នគរបាលខេត្តព្រះសីហនុ បានករណីហិង្សា និងកាន់កាប់រក្សាទុក ប្រើប្រាស់អាវុធដោយខុសច្បាប់ ដោយបង្ហាញជនសង្ស័យជាជនជាតិចិនចំនួន ៤នាក់ ករណីសង្ស័យបាញ់១គ្រាប់ និងចាក់ជនរងគ្រោះជាជនជាតិចិនដូចគ្នា បណ្តាលឲ្យរងរបួស។ ហេតុការណ៍ខាងលើ បានកើតឡើង កាលពីយប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ កន្លងទៅនៅចំណុច បុរីគុជអាស៊ី ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះទាំង ២នាក់នេះ ទី១-ឈ្មោះ Li Hai Yang ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន មុខរបរម៉ៅការសំណង់នៅម្ដុំគុជអាស៊ី (របួសស្រាល) និងទី២-ឈ្មោះ SONG WEN LONG ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរផ្នែកអចលទ្រព្យ (របួសធ្ងន់)។
ចំណែកជនសង្ស័យទាំង០៤នាក់ មានឈ្មោះ JIANG NAN ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន, ឈ្មោះ RAN SHUBING ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិចិន, ឈ្មោះ LI XIN ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន (ជនដៃដល់ និងជាអ្នកដែលមានអាវុធខ្លី) និងឈ្មោះ WANG YAWEI ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន។ រីឯវត្ថុតាងចាប់បាន៖ អាវុធខ្លី១ដើម បង់កាំភ្លើង១ គ្រាប់៩mm ចំនួន ១៦គ្រាប់ ស៊ីឡង់១ដើម និងរថយន្ត៣គ្រឿង។
បើតាមលោកឧត្តមសេនីយ៍ទោស្នងការ បញ្ជាក់ថា ដើមហេតុករណីនេះកើតឡើងដោយសារ ជនរងគ្រោះបានទៅទារប្រាក់ពីជនសង្ស័យ ហើយក៏មានការទាស់ពាក្យសម្តីគ្នារហូតឈានដល់ការប្រើហិង្សា ផ្ទុះអាវុធ និងចាក់ជនរងគ្រោះឲ្យរបួសតែម្តង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។