បន្លែ​៣​ប្រភេទ ផ្ទុក​កាកសំណល់​សម្លាប់​សត្វល្អិត ដែល​ឈ្មួញ​នាំ​មកពី​វៀតណាម តាម​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន ត្រូវ​មន្ត្រី​កាំកុងត្រូល​ហាមឃាត់​

​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹ​ហ​ថា បន្លែ​៣​ប្រភេទ​ដែល​រួមមាន​៖ ផ្លែ​ម្ទេស ស្លឹក​កា​ឆាយ និង​ស្លឹក​ខ្ទឹម ដែល​នាំចូល​ពី​ប្រទេស​វៀតណាម ត្រូវបាន​មន្ត្រី​កាំកុងត្រូល ច្រកទ្វា​អន្តរជាតិ​ភ្នំ​ដិ​ន ហាមឃាត់​មិន​ឲ្យ​នាំចូល​មកកាន់​ទីផ្សារ​ស្រុក​ខ្មែរ បន្ទាប់ពី​រថយន្ត​ពិសោធន៍​ចល័ត «Mobile Lab» របស់​អគនាយកដ្ឋាន​កាំកុងត្រូល បាន​ចុះមក​ធ្វើការ​ពិសោធន៍​លើ​បន្លែ​ផ្លែឈើ នៅ​ច្រកទ្វា​ភ្នំ​ដិ​ន និង​បាន​រកឃើញ​សា​ធាតុគីមី​ដែល​ត្រូវ​ហាមឃាត់​។​

​លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ បាន​ថ្លែង​ឲ្យ​ដឹងថា ការ​ចុះមក​ត្រួតពិនិត្យ​លើ​បន្លែ ផ្លែឈើ របស់​រថយន្ត​ពិសោធន៍​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នេះ យើង​បានធ្វើ​ការពិនិត្យ​លើ​បន្លែ​ផ្លែឈើ​ចំនួន​២៨​មុខ តែ​ជា​លទ្ធផល​យើង បាន​រកឃើញ​បន្លែ​ចំនួន​៣​មុខ​រួមមាន​៖ ផ្លែ​ម្ទេស ស្លឹក​កា​ឆាយ និង​ស្លឹក​ខ្ទឹម មាន​កាកសំណល់​សំលាប់​សត្វល្អិត នៅលើ​បន្លែ​ទាំងអស់នេះ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​ដូចជា​៖ ថប់ដង្ហើម ហប់ៗ និង​រលាក​បំពង់ក​ជាដើម​។​
​លោក ប៉ោ លាង​គង់ បាន​បន្តថា​÷​បន្លែ​ផ្លែឈើ​២៥​មុខ​ទៀត យើង​មិនបាន​រកឃើញ​មាន​សារ​ធាតុគីមី​អ្វី​នោះទេ​។

​ហើយ​ចាប់ពីពេលនេះ​តទៅ គឺ​យើង​បញ្ឈប់​មិន​ឲ្យ​មានការ​នាំចូល​បន្លែ​ទាំង​៣​ប្រភេទ​នេះ ចូលមក​ប្រទេស​កម្ពុជា​យើង​តទៅទៀត ក៏ប៉ុន្តែ​បើ​មានការ​នាំចូល​ឡើងវិញ ទាល់​តែមាន​ឯកសារ​បញ្ជាក់​ច្បាស់លាស់​ពី​ប្រភព​នៃ​ការ​នាំចូល និង​ការត្រួតពិនិត្យ​ដោយ​រក​មិនឃើញ​សារធាតុ​គីមី ឬ​កាកសំណល់​ថ្នាំ​បាញ់សម្លាប់​សត្វល្អិត នៅលើ​បន្លែ​ទាំង​៣​មុខ​ខាងលើ ទើប​យើង​អនុញ្ញាត​ឲ្យ​មានការ​នាំចូល​ឡើងវិញ​បាន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close