កម្ពុជា-ហុងគ្រី ប្តេជ្ញារួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើនទំហំពាណិជ្ជកម្ម
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តម ភីធ័រ ហ្សីយាតូ (Péter Szijjártó) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី ក្នុងឱកាសលោករដ្ឋមន្ត្រីហុងគ្រី បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្ម បានសម្តែងនូវគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់លោករដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី និងសហការី។ ភាគីទាំងពីរ បានបញ្ជាក់អំពីសារៈសំខាន់នៃទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងហុងគ្រី ទាំងផ្នែកការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចផ្លូវការ របស់ប្រមុខរដ្ឋាភិបាលនៃភាគីទាំងពីរ។ ទន្ទឹមនឹងការបង្កើតការិយាល័យស្ថានទូតហុងគ្រីនៅកម្ពុជា ភាគីទាំងពីរនឹងប្រារព្ធខួបទី៦៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតនាឆ្នាំ២០២១ ខាងមុខ។
នៅក្នុងជំនួបនេះ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានលើកឡើងពីវឌ្ឍនភាពនៃទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរដែលទោះបីនៅមានចំនួនតិចនៅឡើយប៉ុន្តែមានសក្ដានុពលខ្ពស់ក្នុងការពង្រីកកាន់តែច្រើនឡើងតាមរយៈការរៀបចំវេទិកាធុរកិច្ចនិងវិនិយោគនិងការតាំងពិព័រណ៍មុខទំនិញដោយចូលរួមយ៉ាងសកម្មពីវិស័យឯកជននៃប្រទេសទាំងពីរនិងលើកទឹកចិត្តក្រុមហ៊ុនហុងគ្រីឲ្យវិនិយោគលើការកែច្នៃម្ហូបអាហារដើម្បីទទួលប្រយោជន៍ទីផ្សារពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលកម្ពុជាមាននាពេលបច្ចុប្បន្ននិងពេលអនាគត។
ឆ្លៀតក្នុងឱកាសនោះ រដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្មហុងគ្រី បានគូសបញ្ជាក់ពីគោលបំណង ក្នុងដំណើរទស្សនកិច្ចរបស់លោក រួមមាន៖
១៖ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មឲ្យកាន់តែស៊ីជម្រៅ
២៖ ការចុះហត្ថលេខាលើអនុស្សរណៈចំនួន២ (វិស័យកសិកម្ម និងគ្រប់គ្រងធារាសាស្ត្រ) និងកិច្ចព្រមព្រៀងចំនួន ១ ស្តីពីសេវាកម្មអាកាសចរណ៍
និង៣៖ ការបង្ហាញពីការគាំទ្រពេញទំហឹងចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13)។
ជាកិច្ចបញ្ចប់ ភាគីទាំងពីរបានប្តេជ្ញាចិត្តថា នឹងបន្តកិច្ចសហប្រតិបត្តិការដើម្បីសម្រេចបាននូវគោលដៅរួមនៃការបង្កើនទំហំពាណិជ្ជកម្ម។ ទន្ទឹមនឹងនោះ ភាគីទាំងពីរ ក៏បានបង្ហាញពីភាពសោមនស្សក្នុងការត្រៀមរៀបចំកិច្ចប្រជុំលើកទី១ នៃគណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចរវាងកម្ពុជា-ហុងគ្រី ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី៣០ ខែវិច្ឆិកា និងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ នៅប្រទេសកម្ពុជាផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។