ឯកឧត្តម វេង សាខុន ចុះពិនិត្យផលប៉ះពាល់ដំណាំស្រូវ ដោយសារទឹកជំនន់នៅខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ តាមផ្លូវធ្វើដំណើរមកកាន់ខេត្តពោធិ៍សាត់ ដើម្បីបំពេញបេសកកម្មរយៈពេលមួយសប្តាហ៍ ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានឈានចូលពិនិត្យផលប៉ះពាល់ដំណាំស្រូវ ដោយសារទឹកជំនន់នៅ ក្រុងកំពង់ឆ្នាំ ខេត្តកំពង់ឆ្នាំង។
តាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ទឹកជំនន់ឆ្នាំនេះ បានធ្វើឲ្យប៉ះពាល់ដល់ដំណាំស្រូវប្រមាណ ១ ៣៨៣ ហ.ត និងផ្ទៃដីខូចខាតចំនួន ៩២៨ហ.ត នៅក្នុង ៥ស្រុក និងក្រុង១។ បច្ចុប្បន្នមន្ទីរកំពុងចុះស្រង់តួលេខផ្ទៃដីដំណាំស្រូវប៉ះពាល់ និងខូចខាតជាក់ស្តែង បន្ទាប់មករាយការណ៍ជូនក្រសួង និងលើកសំណើ សុំពូជស្រូវយកមកចែកចាយជូនកសិករ។
ករណីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យមន្ទីរចុះពិនិត្យ និងវាយតម្លៃផ្ទៃដីប៉ះពាល់ និងខូចខាតឲ្យបានច្បាស់ និងទាន់ពេល ដើម្បីរៀបចំកម្មវិធីចុះអន្តរាគមន៍ចែកពូជស្រូវជូនដល់អ្នករងគ្រោះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីចាប់ផ្តើម ស្តារផលិតកម្មស្រូវឡើងវិញងាយស្រួលប្រជាពលរដ្ធធ្វើស្រែដើម្បីបង្កបង្កើនផល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។