អគ្គស្នងការ​នគរបាល​ជាតិ បញ្ជា​ឲ្យ​បង្ក្រាប​ករណី​បើក​ល្បែងស៊ីសង​តាម​អន​ឡាញ Keno online

​ភ្នំពេញ​៖ កាលពី​រសៀល​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​មានប្រសាសន៍ប្រាប់ បណ្តាញ​ព​ត័​មាន​ក្នុងស្រុក​ថា បន្ទាប់ពី​ទទួលបាន​សេចក្ដីរាយការណ៍​អំពី​ករណី ក្រុមហ៊ុន ស៊ីន​នី​វ ទទួលបាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ឆ្នោត​ឡូតូ ហើយ​បំប្លែង​ជា​ល្បែង​ស៉ី​សង​តាម​អន​ឡាញ Keno online រួចមក ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​អោយ​នាយកដ្ឋាន​ជំនាញ​ចុះ​ស្រាវជ្រាវ​ដើម្បី​មាន​ចាត់វិធានការ​តាមច្បាប់ ដោយ​មិន​លើកលែង​ឡើយ ។

​ឯកឧត្តម​ឧត្ដមសេនីយ៍ឯក សៀង សេន​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម បានអោយដឹង​ដែរ​ថា ឯកឧត្តម​បានទទួល​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​ពី ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ រួចហើយ​នៅ​រសៀល​ថ្ងៃនេះ ដើម្បី​ដឹកនាំ​កម្លាំង​ស្រាវជ្រាវ​ករណី​ក្រុមហ៊ុន ស៉ិ​ន នី​វ ដែល​ប្រជាពលរដ្ឋ​រាយការណ៍​ថា​បាន​នឹង​កំពុងបើក​ល្បែងស៊ីសង​តាម​អន​ឡាញ Keno Online ជ្រក​ក្រោម​ស្លាក ឆ្នោត​ឡូតូ ។ ឯកឧត្ដម​ឧត្ដមសេនីយ៍ឯក បាន​បន្ថែមថា បើ​ក្នុងករណី​សមត្ថកិច្ច​របស់លោក​ស្រាវជ្រាវ​រកឃើញ​ការពិត​ដូច​ប្រជាពលរដ្ឋ​រាយការណ៍ ឯកឧត្ដម​ឧត្ដមសេនីយ៍ឯក នឹង​ចាត់ការ​តាមច្បាប់​តែម្ដង ។

​គួរ​បញ្ជាក់ថា ករណី​ក្រុមហ៊ុន ស៉ិ​ន នី​វ ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​រាជរដ្ឋាភិបាល និង ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អោយធ្វើ​អាជីវកម្ម​ឆ្នោត​ឡូតូ ត្រូវបាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា ក្រុមហ៊ុន​នេះ​បាន​បំប្លែង​ឆ្នោត​ឡូតូ​ទៅជា​ល្បែង​ស៉ី​សង​តាម​អន​ឡាញ ប​ង្វ​ក់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ដោយ​គ្មាន​ខ្លាច​សមត្ថកិច្ច​អ្វី​ទាំងអស់ ។ ជាពិសេស​ក្រុមហ៊ុន បានដាក់​តាំង​ទូរទស្សន៍​តាម​ហាង​នានា​ជា​សាធារណៈ​ថែមទៀត​ផង ។

​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​នេះ តំណាង​ក្រុមហ៊ុន ស៊ីន នី​វ មួយរូប​បានអោយដឹងថា ក្រុមហ៊ុន របស់លោក ពិតជា​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​រាជរដ្ឋាភិបាល​និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ អោយធ្វើ​អាជីវកម្ម​ឆ្នោត​ឡូតូ​មែន តែ​មិនបាន​បើក​ល្បែងស៊ីសង​តាម​អន​ឡាញ​នោះទេ ។

​ទោះជា​យ៉ាងណាក្ដី មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មួយរូប​បាន​ង្ហើ​ប​អោយដឹងថា អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន ស៊ីន នី​វ បាន​ហួស​សុពលភាព​ហើយ ហើយ​ក្រុមហ៊ុន​នេះ នៅតែ​លួចលាក់​ធ្វើ​អាជីវកម្ម​ដោយ​មិន​រាយការណ៍​ជូន​ក្រសួង​នោះទេ ។

​ពាក់ព័ន្ធ​នឹង​ការបំពាន​របស់​ក្រុមហ៊ុន​នេះ ក្រសួង​កំពុង​ចាត់ការ​តាម​និតិ​វិធី​ផងដែរ​ដោយ​ពិន័យ​ក្រុមហ៊ុន​តាមច្បាប់​កំណត់​។ ចំពោះ​ព័ត៌មាន​ដែលថា​ក្រុមហ៊ុន​នេះ​បាន​បំប្លែង​ឆ្នោត​ឡូតូ​ទៅជា​ល្បែងស៊ីសង​តាម​អន​ឡាញ​ប​ង្វ​ក់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​នោះ បើ​សមត្ថកិច្ច​ស្រាវ​ជាវ​រកឃើញ ក្រុមហ៊ុន​នេះ​អាច​ប្រឈមមុខ​ចំពោះ​ផ្លូវច្បាប់​ផង និង​អាច​ដក​អាជ្ញាប័ណ្ណ​វិញ និង​ប្រឈម​ទៅ​និង​មុខ​ច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close