អាមេរិក នឹង​ព្យួរ​កម្មវិធី​អនុគ្រោះ​ពន្ធ​ពី​ប្រទេស​ថៃ ចុងឆ្នាំ​២០២០​នេះ​

សហរដ្ឋអាមេរិក​នឹង​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ពី​ប្រទេស​ថៃ​ហើយ ដោយ​ការអនុគ្រោះ​ពន្ធ​លើ​ផលិតផល​ទំនិញ​របស់​ថៃ​នេះ​នឹង​ចូល​ជា​ធរមាន នៅ​ថ្ងៃទី​៣០ ធ្នូ ២០២០​ខាងមុខនេះ​។​

​កម្មវិធី​អនុគ្រោះ​ពាណិជ្ជកម្ម​ដ៏​ធំ​របស់​អាមេរិក ហៅ​កាត់​ថា GSP នេះ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច តាមរយៈ​ការនាំ​ចូល​ទំនិញ​មិន​គិត​ពន្ធ ទៅក្នុង​សហរដ្ឋអាមេរិក ប្រមាណ​៣៥០០​មុខទំនិញ ពី​បណ្តា​ប្រទេស​និង​តំបន់​ជាង​១០០ នេះ​បើតាម​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អាមេរិក​។​

​លោក​ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន បាន​គូសបញ្ជាក់ថា «​ខ្ញុំ​បានកំណត់​ហើយ​ថា ប្រទេស​ថៃ​នឹងមិន​ត្រូវបាន​សហរដ្ឋ​អាមេរិក​ផ្តល់នូវ​ការចូល​ដំណើរការ​ប្រកបដោយ​ស​ម​ធម៌ និង​សម​ហេតុផល​ចំពោះ​ទីផ្សារ​របស់ខ្លួន​ទៀត​ទេ​» តាមរយៈ​លិខិត​មួយច្បាប់ ជូន​សភា​អាមេរិក លោក​ត្រាំ​បន្តទៀតថា «​ខ្ញុំ​បាន​កំណត់ថា វា​គឺជា​រឿង​សាក​សម​ក្នុង​ការព្យួរ​សន្ធិសញ្ញា​រួច​ពន្ធ ផ្អែកលើ​កម្មវិធី GSP នេះ​» ។​

​ការសម្រេច​ផ្អាក​នេះ​ត្រូវបាន​គេ​ដឹងថា បណ្តាលមកពី​ថៃ​ខ្វះខាត​ដំណើរការ​ប្រកបដោយ​ប្រសិទ្ធិភាព ក្នុងការ​ផ្តល់ជូន​អាមេរិក​នូវ​ច្រក​ទីផ្សារ​សម​ហេតុផល និង​គ្រប់គ្រាន់ សម្រាប់​ផលិតផល​សាច់ជ្រូក​។ ប្រទេស​ថៃ ក្រោយ​ការផ្អាក​កម្មវិធី​ចាប់ពី​ចុងឆ្នាំ​២០២០​នេះ នឹងត្រូវ​បង់ប្រាក់​៨១៧​លាន​ដុល្លារ​អាមេរិក លើ​ទំនិញ​នាំ​ចូលទៅ​អាមេរិក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close