ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពាក់ព័ន្ធទាំងអស់ នឹងបន្តធ្វើចត្តាឡីស័ករយៈ ពេល១៤ថ្ងៃទៀត ទោះបីជាលទ្ធផល «អវិជ្ជមានកូវីដ១៩»
ភ្នំពេញ៖ ទោះបីជាលទ្ធផលធ្វើតេស្តកាលពីម្សិលមិញបង្ហាញថា «អវិជ្ជមានកូវីដ១៩» ក៏ដោយ ក៏ថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលទាក់ទងផ្ទាល់ជាមួយនឹងរដ្ឋមន្ត្រីការបរទេសហុងគ្រីទាំងអស់ នឹងបន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីធ្វើតេស្តជាថ្មីម្តងទៀត។
បើតាមការប្រកាសរបស់ក្រសួងការបរទេស បញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានជួប និងប្រាស្រ័យទាក់ទងផ្ទាល់ជាមួយគណៈប្រតិភូហុងគ្រីដឹកនាំដោយ លោក ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្ត្រីការបរទស និងពាណិជ្ជកម្មហុងគ្រី បានធ្វើតេស្តសំណាករកវីរុសកូវីដ-១៩។ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិទាំងអស់ ដែលបានធ្វើតេស្ត មានលទ្ធផលអវិជ្ជមានកូវីដ-១៩។
ក្រសួង បញ្ជាក់ថា ទោះជាយ៉ាងនេះក្តី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពាក់ព័ន្ធទាំងអស់ នឹងបន្តធ្វើចត្តាឡីស័ករយៈ ពេល១៤ថ្ងៃទៀត និងរង់ចាំការធ្វើតេស្តជាបន្តបន្ទាប់ទៀត តាមការកំណត់របស់ក្រសួងសុខាភិបាល ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។