មនុស្ស ៥៤នាក់ ពុលសម្ល ក្នុងពិធីបុណ្យមួយ នៅខេត្តត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ៖ មានករណីពុលសម្លសារាយសមុទ្រ និងត្រសក់ត្រាំ ក្រោយបរិភោគអាហារក្នុងពិធីបុណ្យមួយ នៅភូមិអំពិល ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។
បើតាមលោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ើស២ បញ្ជាក់ថា ករណីនេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ើស២ បានចុះទៅធ្វើការសាកសួរម្ចាស់ផ្ទះខាងលើផងដែរ។
បើតាមឈ្មាះ វ៉ា ឡេង ម្ចាស់ផ្ទះបុណ្យខាងលើ បានរៀបរាប់ថា គាត់បានធ្វើពិធីបុណ្យគម្រប់ខួប ១ឆ្នាំឱ្យប្ដីរបស់គាត់ ដោយប្រាប់បងប្អូនអ្នកជិតខាងមួយចំនួនទៅចូលរួម។ កម្មវិធីបុណ្យធ្វើឡើងនៅល្ងាច ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ និងព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយអ្នកដែលទៅចូលរួមកម្មពិធីនៅល្ងាចថ្ងៃទី២ គឺបានបរិភោគបាយជាមួយសម្លស្ងោរសារាយថ្ម និងត្រសក់ត្រាំ រួចក៏ត្រឡប់ទៅផ្ទះវិញ។ រហូតមកដល់ពេលយប់ថ្ងៃទី២ ទើបមានប្រជាពលរដ្ឋ មួយចំនួនមានអាការ:ឈឺពោះ រាគ ក្អួត និងក្ដៅខ្លួន ហើយបានហៅទូរស័ព្ទទៅគ្រូពេទ្យ។
អាជ្ញាធរបញ្ជាក់ថា អ្នកជំងឺដែលពុលអាហារនោះ មានចំនួន ៥៤នាក់ ស្រី២៨នាក់ ក្មេង៤នាក់ ក្នុងនោះបានសម្រាកព្យាបាលនៅតាមផ្ទះចំនួន ២១នាក់ និងបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកក្រូចឆ្មារចំនួន ៣៣នាក់ (ស្រី១៨នាក់)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។