ឯកឧត្តម ស៊ុន ចាន់ថុល ប្រជុំ​រៀបចំ​ផែនការ​ស្ដារ និង​ជួសជុល​បន្ទាន់ នូវ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​រង​ការខូចខាត​ដោយ​គ្រោះទឹកជំនន់

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង សាធារណការ និង​ដឹកជញ្ជូន ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង ដឹកជញ្ជូន​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ក្រសួង ដោយមាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ​បច្ចេកទេស​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​។​

​កិច្ចប្រជុំ​នេះ​ផ្ដោតជាសំខាន់​លើ​របៀបវារៈ​មួយចំនួន​រួមមាន​៖ ការរៀបចំ​ផែនការ​ស្ដារ និង​ជួសជុល​បន្ទាន់​នូវ ហេដ្ឋារចនាសម្ព័ន្ធ​ដែល​រង​ការខូចខាត​ដោយ​គ្រោះទឹកជំនន់ ការផ្សព្វផ្សាយ​សេចក្តីជូនដំណឹង​ស្ដីពី​ការ ពង្រឹង​វិធានការ​រឹតបន្តឹង​ចំពោះ​យានយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់​ដែល​ធ្វើ​ចរាចរណ៍​នៅលើ​ផ្លូវថ្នល់ និង​វឌ្ឍនភាព​ការងារ​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ក្រសួង​ផងដែរ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ថ្លែងថា ទោះបី​កម្ពុជា​កំពុង​ប្រឈម​នឹង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ក៏ដោយ​ក៏​រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​គិតគូរ និង​យកចិត្តទុកដាក់​បំ​លើ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ក៏ដូចជា​ដើម្បី​សម្រួល​ដល់​ការរស់នៅ និង​បង្កើន​ប្រាក់ចំណូល​គ្រួសារ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ឲ្យ​ដឹងថា ក្រសួង​បាន​បែងចែក​ក្រុមការងារ បច្ចេកទេស​ចុះទៅ​សិក្សា​វាយតម្លៃ​ផលប៉ះពាល់​ពី​គ្រោះទឹកជំនន់​លើ​ហេដ្ឋារចនាសម្ព័ន្ធ​នៅតាម​បណ្តា​ខេត្ត ដែល​រង​ផលប៉ះពាល់ ដើម្បី​ធ្វើបញ្ជី​ប៉ាន់​តម្លៃ​ជាក់ស្តែង​និង​ដាក់​ស្នើ​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ស្នើ សុំ​ថវិកា​ជួសជុល ក្នុង​គោលបំណង​សម្រួល​ដល់​ការដឹកជញ្ជូន និង​ធ្វើដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​។​

​ជាមួយគ្នានេះ​ផងដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានស្នើ​ឲ្យ​អង្គភាព​ទទួល​ការងារ​ជួសជុល​ថែទាំ និង​សាង សង់​ផ្លូវថ្នល់ ផ្តល់​សម្ភារៈ​ឱ្យបាន​គ្រប់គ្រាន់​ដូចជា​៖ ស្បែកជើង មួកសុវត្ថិភាព អាវ និង​ស្រោមដៃ​ជូន​ដល់ បុគ្គលិក​កម្មករ​ទាំង​ឡាយ ដែល​បំពេញការងារ​ជួសជុល​ថែទាំ​ផ្លូវ ដើម្បី​បង្ហាញ​នូវ​សេចក្តីថ្លៃថ្នូរ សាក​សម ជា​បុគ្គលិក​កម្មករ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close