រដ្ឋបាលខេត្តព្រះសីហនុ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជជាតិ ០៩វិច្ឆិកា
ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ (០៩ វិច្ឆិកា ១៩៥៣- ០៩ វិច្ឆិកា ២០២០) ដែលប្រព្រឹត្តនៅវេទិកាបុណ្យជាតិ ៧មករា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងមានការនិមន្ដចូលរួមពីព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
នាឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានមាន ប្រសាសន៍ថា ០៩ វិច្ឆិកា គឺជាទិវាប្រវត្តិសាស្ត្រប្រពៃថ្លៃថ្លាឧត្តុងឧត្តមបំផុត ដែលកម្ពុជាទទួលបានឯករាជ្យ សេរីភាព អធិបតេយ្យភាពពេញ លេញពីអាណានិគមនិយមបារាំង ក្រោមស្នាព្រះហស្ថ និងព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះបិតាឯករាជ្យ បូរណភាព ទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដ៏អង់អាចក្លាហាន និងមហាបុរសរដ្ឋដ៏ឆ្នើម ដែលបានបូជាព្រះកាយពល និងព្រះបញ្ញាញាណ ដើម្បីបុព្វហេតុឯករាជ្យ សេរីភាព អធិបតេយ្យភាព បូរណភាពទឹកដី នៃមាតុភូមិកម្ពុជាពីអាណានិគមនិយមបារាំង ។
ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានបន្ដថាក្រោមស្នាព្រហស្ថ និងគំរូវីរៈភាពដ៏ឧត្តុងឧត្តម ព្រះបញ្ញាញាណដ៏ឈ្លាសវៃ របស់ព្រះករុណាជាអម្ចាស់ជីវិតកំកល់លើត្បូង ពិសេសព្រះរាជបូនីយកិច្ចដ៍៏ថ្លៃថ្លារបស់ព្រះអង្គទាំងក្នុងផ្ទៃជាតិ និងឆាកអន្តរជាតិ ធ្វើឱ្យមាតុភូមិកម្ពុជាបានរួចផុតពីអាណានិគមនិយមបារាំង និងបានប្រគល់ឯករាជ្យ មកឱ្យកម្ពុជាវិញ ប៉ុន្តែកម្លាំងបរទេសមួយចំនួននៅតែទន្ទ្រាន រាតត្បាតផ្ទៃក្នុងប្រទេសនៅឡើយ។ ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ព្រះអង្គបានបន្តនូវព្រះរាជបេសកកម្មក្នុងប្រតិបត្តិការសាមគ្គីដេញកំចាត់ពួកខ្មាំងសត្រូវជាបន្តបន្ទាប់ប្រកបដោយជោគជ័យ។
មិទ្ទិញរំលឹកឡើងវិញនូវមាទនភាពជាតិដ៏ឧត្តុងឧត្តម នៃខួបអនុស្សាវរីយ៍លើកទី៦៧ ទិវាឯករាជ្យជាតិរបស់យើងក្នុងស្មារតីបង្កើនសាមគ្គីភាព ឯកភាពជាតិ ដោយរួមគ្នាអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណតំណាក់កាលកាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមម្លប់ដ៍ត្រជាក់របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិតរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យសង្គមជាតិមានសុខសន្តិភាពពេញលេញ ធានាបាននូវស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ កាត់ បន្ថយភាពក្រីក្រ ព្រមទាំងលើក កម្ពស់គោលនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស បច្ចុប្បន្នប្រជាពលរដ្ឋរស់នៅក្នុងភាពសុខដុមរមនា ក្រោមដំបូលរដ្ឋធម្មនុញ្ញ” ជាតិ សាសនា ព្រះមហាក្សត្រ ” ។
ក្នុងឱកាសនោះ ឯកឧត្តម ជាម ហ៊ីម ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័តខ្ពស់ ចំពោះជំងឺ Covid-១៩ ដោយផ្លាស់ប្ដូរទំលាប់ ពាក់ម៉ាស លាងសំអាតដៃជាមួយសាប៊ូ ជែល អាល់កុល រក្សាគគម្លាតសុវត្ថិភាព ស្រប តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីក្រុមគ្រួសារ និងសហគមន៍យើងគ្មានការចម្លងជំងឺ Covid-១៩ ។
ជាមួយគ្នានេះដែរលោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ បានរម្លឹកអំពីប្រវត្តិស្នាដៃរបស់កងយោធពលខេមរភូមិន្ទ ដែលទទួលបានឯករាជ្យពេញបរិបូរណ៍នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយចលនាតស៊ូរបស់កងទ័ពនិងប្រជាជនគ្រប់ស្រទាប់វណ្ណៈ និងក្រោមព្រះរាជបូជនីយកិច្ចដឹកនាំទាមទារឯករាជ្យរបស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្យ ព្រះបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋ។ជារៀងរាល់ឆ្នាំកងយោធពលខេមរភូមិន្ទ្ទ ប្រារព្ធពិធីនេះឡើងដើម្បីរម្លឹកនូវប្រវត្តិស្នាដៃគំរូវីរៈភាពដ៏អង់អាចក្លាហានហ៊ានធ្វើពលីកម្មដ៏ធំធេងរបស់ប្រជាជន យុទ្ធជន យុទ្ធនារីកម្ពុជា ក្នុងបុព្វហេតុតស៊ូប្រយុទ្ធប្រឆាំងសត្រូវឈ្លានពានគ្រប់សម័យកាល ដើម្បីដណ្តើមឯករាជ្យជូនជាតិមាតុភូមិ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។