ក្រសួងពាណិជ្ជកម្ម បង្ហាញ​មូលហេតុ​កសិផល​កម្ពុជា​ធ្លាក់​ថ្លៃ​

ក្រសួងពាណិជ្ជកម្ម បានចេញ​សេចក្តីជូនដំណឹង​មួយ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ពុធ ទី​០៥ បង្ហាញ​ពី​មូលហេតុ​ដែល​ទំនិញ​ផលិតផល​កសិកម្ម​កម្ពុ​ជា​ជួប​បញ្ហា​ប្រឈម​ទាំង​តម្លៃ និង ការនាំ​ចេញទៅ​ក្រៅប្រទេស ។​

​មូលហេតុ​ទាំងនោះ​មានដូចជា ក្រិ​ត្យ​ក្រម​តម្លៃ​កសិផល «​បរិមាណ​ផ្គត់ផ្គង់ លើសពី​តម្រូវការ​» ដូចជា​ម្រេច ដំឡូង និង​ល្ពៅ​ជាដើម ។ តម្លៃ​កសិផល មិនអាច​ប្រកួតប្រជែង​នឹង​កសិផល​បរទេស​បាន​ដូចជា​ដំឡូង និង​ម្រេច ដែល​បណ្តាលមកពី​ផលិតភាព​នៅ​ទាប​។ ការចំណាយ​ក្រៅផ្លូវការ​នានា​រហូតដល់​នាំចេញ​នៅ​ខ្ពស់ បើ​ធៀប​ជាមួយ​ប្រទេសជិតខាង​។​

​ទន្ទឹមគ្នា​នេះដែរ ទំនិញ​កសិផល​កម្ពុជា​មិនទាន់​ទាញយក​ទំនុកចិត្ត​អំពី​គុណភាព និង​សុវត្ថិភាព​ពី​អ្នក​នាំចូល និង​អ្នកប្រើប្រាស់​នៅឡើយ ទាមទារ​ឲ្យ​កសិករ​កម្ពុជា​ត្រូវខិតខំ​ដោយ​ខ្លួនឯង ក្នុង​ការផលិត ថែទាំ និង​អភិវឌ្ឍន៍​។ ព្រម​ជាមួយគ្នានេះ ទម្លាប់​នៃ​ការដាំដុះ​ផលដំណាំ របស់​កសិករ​កម្ពុជា គឺ​ធ្វើតាម​គ្នា (​ឃើញ​គេ​ដាំ​នេះ​បាន កសិករ​ផ្សេងៗ​ទៀត នាំគ្នា​សម្រុក​ដាំ​តៗ​គ្នា​) ដោយ​មិនបាន​គិតពី​ទំហំ​ទីផ្សារ​ជាមុន​។​

​ក្រសួងពាណិជ្ជកម្ម អះអាងថា កន្លងមក​ក្រសួង​បំពេញការងារ និង​ទទួលបាន​លទ្ធផល​ក្នុងការ​ជំរុញ​ទីផ្សារ​កសិផល​ដូចជា ការចរចា​បើក​ទីផ្សារ រៀបចំ​ព្រឹត្តិការណ៍​ជំរុញ​ពាណិជ្ជកម្ម​ទាំង​ក្នុង​និង​ក្រៅប្រទេស ចេញ​វិធានការ​សម្រាប់​ដោះស្រាយ​បញ្ហា​រាំងស្ទះ​ទំនិញ​កសិផល ព្រមទាំង​រៀបចំ​កិច្ច​សម្រួល​ពាណិជ្ជកម្ម សម្រាប់​សម្រួល​ដល់​ការនាំចេញ​ទំនិញ​កសិផល​។​

​សូមជម្រាបថា ការលើកឡើង​ខាងលើនេះ ក្រោយ​មានការ​រិះគន់​របស់​ប្រជាពលរដ្ឋ​ថា ក្រសួងពាណិជ្ជកម្ម មិនបាន​ធ្វើ​អ្វី​ទាល់តែសោះ ដែលជា​ហេតុ​នាំ​ឲ្យ​ទំនិញ​កសិផល​កម្ពុជា គ្មាន​ទីផ្សារ ឬ​លក់បាន​ក្នុងតម្លៃ​ថោកទាប​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close